វីរកីឡាកររបស់ Man Utd មួយរូបថាការនាំយក Kane នឹង Declan Rice មិនជួយឲ្យ Man Utd លើកពានលីកទេ

បិសាចក្រហម Manchester United ត្រូវបានអតីតកីឡាករមួយរូបឲ្យជាយោបល់ថា ការចុះហត្ថលេខាលើកីឡាករធំៗដូចជា Harry Kane និង Declan Rice នឹងមិនធានាថាពួកគេនឹងទទួលបានភាពជោគជ័យជាមួយក្លឹបនោះទេ។

Andy Cole អតីតខ្សែប្រយុទ្ធរបស់ Manchester United ជឿជាក់ថាគម្លាតរវាង Man Utd និង Manchester City គឺធំពេក ដូចដែលបានបង្ហាញដោយការភ្លាត់ស្នៀតនៃក្រុម Arsenal ក្នុងការប្រជែងដណ្តើមពានលីកកំពូលអង់គ្លេស Premier League នៅរដូវកាលនេះ។

ថ្លែងទៅកាន់ Boyle Sports Cole បាននិយាយថា “ប្រសិនបើ Harry Kane ចង់ចាកចេញពី Tottenham ហើយ Man Utd ចង់ចំណាយប្រាក់ 80 លានផោន លើកីឡាករវ័យ 29 ឆ្នាំ នោះវាអាស្រ័យលើពួកគេទាំងស្រុង។ បើ United ទិញ Kane និងនរណាម្នាក់ដូចជា Declan Rice ពួកគេនៅតែមិនអាចឈ្នះលីកបានឡើយ ពីព្រោះគម្លាតពិន្ទុរវាង City គឺធំពេក។ កីឡាករពីរនាក់អាចធ្វើអោយក្រុមរបស់អ្នកប្រសើរឡើង ប៉ុន្តែពួកគេនឹងមិនធ្វើឲ្យអ្នកយកឈ្នះ Man City ឡើយ។ គ្រប់​គ្នា​បាន​និយាយ​អំពី​ការ​ឈ្នះ​ពាន​លីក​របស់ Arsenal នៅ​រដូវ​កាល​នេះ ហើយ​ពួក​គេ​បាន​ភ្លាត់ដោយសារ Man City មានកីឡាករល្អជាង នឹងជាក្រុមល្អជាងឆ្ងាយណាស់”