Ronaldo ជឿជាក់ថាលីកបាល់ទាត់អារ៉ាប៊ីសាអូឌីតអាចក្លាយជាលីកធំទី 5 នៅពិភពលោក

កំពូលកីឡាករបាល់ទាត់​ Cristiano Ronaldo បានអះអាងយ៉ាងជឿជាក់ថា លីកបាល់ទាត់ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត មានសក្តានុពលក្នុងការក្លាយជាលីកល្អបំផុតទី 5 នៅក្នុងពិភពលោកទាំងមូល។

ការផ្ទេររបស់​ Ronaldo ទៅកាន់ក្លិប Al-Nassr កាលពីខែមករាបានទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជាច្រើនទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ទោះបីជាក្រុមរបស់ Ronaldo មិនអាចឈ្នះពានក៏ដោយក្រោយភ្លាត់ស្នៀតដោយសារក្រុម Al-Ittihad ។ កីឡាករល្អៗជាច្រើនត្រូវបានគេរាយការណ៍ថាកំពុងតែមានលទ្ធភាពខ្ពស់ក្នុងការដើរតាមគន្លងប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ទៅកាន់ទឹកដីមជ្ឈឹមបូព៌ា ហើយរូបគេជឿជាក់ថាលីកបាល់ទាត់មួយនេះនឹងបន្តអភិវឌ្ឍទៅមុខបានទៀត។

អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United, Real Madrid នឹង Juventus រូបនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ Saudi Pro League ដោយបានបង្ហើបថា “បើសិនជាគេបន្តធ្វើអ្វីដែលគេកំពុងធ្វើបាន 5 ឆ្នាំទៅមុខទៀត ខ្ញុំគិតថាលីករបស់អារ៉ាប៊ីសាអូឌីតអាចក្លាយជាលីកល្អទី 5 នៅក្នុងពិភពលោក”