គ្រូបង្វឹករបស់ Real Madrid លោក Carlo Ancelotti បានសារភាពថាការសម្រេចចិត្តរបស់ Karim Benzema ចាកចេញពី Real Madrid គឺជារឿងមួយដែលភ្ញាក់ផ្អើលនឹងភ្លាមៗបំផុត។

Real Madrid បានបញ្ជាក់ថា Karim Benzema នឹងចាកចេញពីក្លិបនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ មិនយូរប៉ុន្មានមុនការប្រកួត La Liga ចុងក្រោយនៃរដូវកាលរបស់ពួកគេជាមួយនឹងក្លិប Athletic Bilbao។ កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបាល់ប៉េណាល់ទីដើម្បីធានាបានលទ្ធផលស្មើ 1-1 សម្រាប់ក្រុម Real Madrid ដែលធានាថាពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាងនាំមុខគូប្រជែង Atletico Madrid ។ អ្នកគាំទ្រនៅ Santiago Bernabeu បាននាំគ្នាទះដៃអរគុណ Benzema ខណះរូបគេបាននិយាយពាក្យលាចុងក្រោយរបស់គាត់នៅលើទីលានបន្ទាប់ពីការប្រកួត។ Ancelotti មានការសោកស្ដាយដែលឃើញកីឡាករវ័យ 35 ឆ្នាំរូបនេះចាកចេញ ជាពិសេសបន្ទាប់ពីបានដឹងពីការសម្រេចចិត្តរបស់គាត់នៅព្រឹកនៃការប្រកួត។

ថ្លែងឲ្យដឹងក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា “យើងមិនសប្បាយចិត្តនោះទេ ប៉ុន្តែយើងត្រូវគោរពគាត់ គាត់មានសិទ្ធិក្នុងការសម្រេចចិត្ត គាត់បានធ្វើរឿងល្បីៗដែលមិនអាចបំភ្លេចបាន។ វាជាការភ្ញាក់ផ្អើលមួយ ប៉ុន្តែវាជាផ្នែកមួយនៃបាល់ទាត់។ យើងមានពេលវេលាដើម្បីគិតអំពីអ្វីដែលយើងអាចធ្វើបាន។ ខ្ញុំបាននិយាយជាមួយគាត់នៅព្រឹកនេះ ហើយគាត់បានប្រាប់ខ្ញុំថាគាត់នឹងចាកចេញ។ និយាយតាមត្រង់ខ្ញុំពិតជាភ្ញាក់ផ្អើល”៕