Joao Felix ត្រូវបានផ្តល់ទៅក្រុមនៅ Premier League មួយបន្ទាប់ពី Chelsea បដិសេដមិនព្រមទិញផ្តាច់

Joao Felix ត្រូវបាន Atletico Madrid ផ្តល់ជូនទៅកាន់ក្រុម Newcastle United បន្ទាប់ពី Chelsea បានសម្រេចចិត្តមិនចុះហត្ថលេខាលើគាត់លើកិច្ចសន្យាអចិន្ត្រៃយ៍។

គ្រូបង្វឹកថ្មីរបស់ក្លិបតោខៀវលោក Mauricio Pochettino បានសម្រេចចិត្តមិនចុះហត្ថលេខាលើ Felix ជាអចិន្ត្រៃយ៍ បើទោះបីជាកីឡាករចង់បន្តនៅ Stamford Bridge ក៏ដោយ។ ខ្សែប្រយុទ្ធស្លាបរូបនេះមិនស្ថិតក្នុងបញ្ជីអាទិភាពរបស់អ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ទេ ហើយបើយោងតាមសារព័ត៌មាន Daily Mail ដោយលោក Simeone បានបំផុសគំនិតក្នុងការផ្តល់ Felix ឲ្យទៅក្រុម Newcastle United ខណៈដែលពួកគេនៅតែចង់បានខ្សែប្រយុទ្ធថ្មីមួយដើម្បីរៀបចំរដូវកាលក្រោយ​ ជាពិសេសការប្រកួត UEFA Champions League។

វាមានលទ្ធភាពខ្ពស់ដែល Newcastle អាចចុះហត្ថលេខាលើគាត់ក្នុងកិច្ចសន្យាខ្ចីជើងស្រដៀងទៅនឹង Chelsea ហើយគ្របដណ្តប់លើប្រាក់ឈ្នួលដែលមានតម្លៃជាង 200,000 ផោនក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឈ្នួលខ្ពស់អាចបង្ហាញថាជាឧបសគ្គមួយ ខណៈដែល Newcastle មិនមានឆន្ទៈក្នុងការបំបែករចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់ពួកគេឡើយ ដូចដែលអ្នកចាត់ការ Eddie Howe ធ្លាប់បានសារភាពថា វាពិតជាលំបាកណាស់ក្នុងការ ទាក់ទាញកីឡាករល្អបំផុតនៅលើទីផ្សារ ព្រោះថាពួកគេមិនមែនជាក្លិបដែលនឹងផ្តល់ប្រាក់ឈ្នួលខ្ពស់សម្រាប់កីឡាកររបស់ពួកគេនោះឡើយ៕