គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Roma ប្រសិនបើគាត់ឈ្នះជើងឯកទ្វីបអឺរ៉ុប Europa League ប៉ុន្តែបែរជាបានត្រឹមខកចិត្តក្រោមថ្វីជើងក្រុមដែលមានបទពិសោធន៍នៅពានមួយនេះជាយូរមក ពោលគឺ Sevilla ។

ក្នុងករណីមួយនេះ ការខកខានក្នុងការលើកពាន Europa League នឹងមិនធានាថាគាត់នឹងស្នាក់នៅជាមួយក្រុម Roma រឺក៏ត្រូវបែរចិត្តទៅដឹកនាំក្រុមនៅបារាំងដែលបានលេចពាក្យចចាមអារ៉ាមជាយូរមកហើយ នោះគឺក្រុមសេដ្ឋីបារាំង Paris Saint-Germain។ Mourinho បានក្លាយជាបេក្ខភាពពេញចិត្តរបស់ PSG ដើម្បីជំនួសតំណែង Christophe Galtierនៅរដូវក្តៅនេះ។ វាត្រូវបានគេរាយការណ៍ថាម្ចាស់ជើងឯក Ligue 1 គ្រោងនឹងបណ្តេញលោក Galtier នៅចុងបញ្ចប់នៃរដូវកាលនេះ ទោះបីជាគ្រូបង្វឹកបានទទូចថាគាត់សមនឹងទទួលបានរដូវកាលមួយផ្សេងទៀតនៅក្នុងតំណែងនេះក៏ដោយ។

អនាគតរបស់ Mourinho ជាកម្មវត្ថុនៃការរំពឹងទុកមួយរយៈមកហើយ។ គ្រូបង្វឹកវ័យ 60 ឆ្នាំរូបនេះបាននិយាយកាលពីពេលថ្មីៗនេះថា គាត់បានប្រាប់ក្រុម Roma រួចហើយអំពីអ្វីដែលគាត់នឹងធ្វើ ប៉ុន្តែគាត់បានបដិសេធមិនប្រកាសជាសាធារណៈនៅឡើយទេ ដោយត្រូវការពេលវេលាមួយរយះសិន៕