អតីតខ្សែប្រយុទ្ធក្រុម Ajax និងក្រុមជម្រើសជាតិហូឡង់ កីឡាករ Quincy Promes នឹងត្រូវនាំមកកាត់ទោសតាមផ្លូវច្បាប់ក្រោយពាក់ព័ន្ធជាមួយនឹងការជួញដូរសារធាតុញៀនកម្រិតធ្ងន់។

សេវាអយ្យការសាធារណៈបានបញ្ជាក់ថា Promes ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនប្រភេទកូកាអ៊ីនចំនួន 1370 គីឡូក្រាមជាពីរកញ្ចប់ដែលត្រូវបានស្ទាក់ចាប់នៅទីក្រុង Antwerp កាលពីឆ្នាំ 2020 អំឡុងបរិបទ Covid-19។

ដំណើរការនៃការនាំខ្លួនមកកាត់ទោសនឹងប្រព្រឹត្តិឡើងនៅប្រទេសហូឡង់នាថ្ងៃទី 5 ខែក្រោយនេះ ដោយ Promes ក៏មានជាប់ពាក់ព័ន្ធជាមួយករណីមួយផ្សេងទៀតដែរ ពោលគឺករណីអំពើហិង្សដោយចេតនាក្នុងហេតុការណ៍ដែលរូបគេបានចាក់បងប្អូនជីដូនមួយចំជង្គង់ពេលដែលមានកម្មវិធីជួបជុំគ្រួសារមួយ។ ចំពោះករណីហិង្សាទៅលើបងប្អូនជីដូនមួយ Quincy Promes ដែលកំពុងមានឈ្មោះជាកីឡាកររបស់ Spartak Moscow នឹងត្រូវជាប់ទោសប្រមាណ 2 ឆ្នាំ៕