លោក Jose Mourinho បានធ្វើការវាយប្រហារលើអតីតក្លិបមាន់ខ្នាយមាស Tottenham Hotspur ដោយនិយាយថាពួកគេគឺជាអតីតក្លិបតែមួយគត់របស់គាត់ដែលគាត់មិនមានអារម្មណ៍នឹកស្រណោះអ្វីទាំងអស់។

Mourinho បានចំណាយពេលចំនួន 17ខែក្នុងទីក្រុងឡុងដ៍ផ្នែកខាងជើងចន្លោះខែវិច្ឆិកាឆ្នាំ 2019 រហូតដល់ ខែមេសាឆ្នាំ 2021 ដោយមួយផ្នែកធំនៃការដឹកនាំរបស់ Jose នៅ Spurs គឺត្រូវបានលេងក្នុងកីឡដ្ឋានដែលគ្មានអ្នកគាំទ្រដោយសារបម្រាមនៃការរាតត្បាតជំងឺកូវីដ 19 ។ សាមីខ្លួនលោក Mourinho ផ្ទាល់បានទទួលស្គាល់ថាលោកមិនមានការចងចាំល្អអ្វីឡើយពេលដឹកនាំនៅ Spurs ដោយខុសគ្នាដាច់ពីកាលដឹកនាំក្រុមចាស់ៗដូចជា Porto, Chelsea, Inter Milan, Real Madrid នឹង Manchester United ផងនោះ។

ថ្លែងក្នុងសន្និសីទកាសែតត្រៀមមុនការប្រកួតពាន UEFA Europa League វគ្គផ្តាច់ព្រ័ត្រ Jose Mourinho បានឲ្យដឹងថា “ខ្ញុំសង្ឃឹមថាពាក្យរបស់ខ្ញុំមិនត្រូវបានបកស្រាយខុសទៅចុះ ប៉ុន្តែក្លិបតែមួយគត់ក្នុងអាជីពរបស់ខ្ញុំដែលខ្ញុំនៅតែមិនមានអារម្មណ៍ស៊ីជម្រៅគឺ Tottenham ។ ប្រហែលជាដោយសារតែក្នុងអំឡុងពេលដែលខ្ញុំបង្វឹកក្លិប កីឡដ្ឋានគឺទទេដោយសារតែ Covid និងដោយសារតែប្រធានក្លិប លោក Daniel Levy មិនបានផ្តល់ឲ្យខ្ញុំច្រើនទេ។ នៅក្នុងក្លិបផ្សេងទៀតទាំងអស់តែងតែមានចំណងដ៏រឹងមាំព្រោះមនុស្សទាំងនោះមិនល្ងង់ទេ។ ខ្ញុំមិនបានសំដៅទៅលើការឈ្នះ ឬចាញ់នោះទេ។ អ្នកគាំទ្រយល់ថាខ្ញុំតស៊ូដើម្បីពួកគេជារៀងរាល់ថ្ងៃ។ ក្នុងករណីរបស់ខ្ញុំ ខ្ញុំជាផ្នែកនៃក្លិប Roma, Real Madrid និង Inter ហើយវាជារឿងទៅវិញទៅមក។ ក្តីស្រឡាញ់របស់ខ្ញុំនឹងដក់ជាប់ជានិច្ចជាមួយ Roma និងក្លិបផ្សេងទៀតដែលខ្ញុំបានបង្វឹក”៕