អ្នកគាំទ្រផ្កាប់មុខរបស់ខ្សែប្រយុទ្ធ Mohamed Salah ពោលគឺ Jake Paul បានចេញមកធ្វើការឆ្លើយតបទៅកាន់ការបង្ហោះនៅក្នុងបណ្តាញសង្គម Twitter របស់ Salah ជុំវិញការពិតដែល Liverpool មិនមានឈ្មោះទៅលេងនៅការប្រកួត UEFA Champions League នៅរដូវកាលក្រោយ។

ក្តីសង្ឃឹមក្នុងការបន្តលេងនៅពានលំដាប់ទីមួយរបស់អឹរ៉ុបសម្រាប់ Liverpool បានរសាត់ទៅតាមខ្យល់ក្រោយការប្រកួតរបស់បិសាចក្រហម Manchester United នឹងតោខៀវ Chelsea បានបញ្ចប់ទៅកាលពីពេលថ្មីៗ ដោយ Man Utd រកបាន 3 ពិន្ទុដែលល្មមរុញ Liverpool ចេញពីតំណែងក្រុមកំពូលទាំងបួននៅអង់គ្លេស។ មួយសន្ទុះក្រោយមក ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបបានធ្វើការបង្ហោះពីការខកចិត្តចំពោះក្រុមរបស់ខ្លួននៅលើគណនី Twitter ផ្ទាល់ហើយបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជាច្រើន។

ក្នុងនោះផងដែរ កីឡាករប្រដាល់ នឹងអ្នកបង្កើតមាតិកាក្នុង YouTube Jake Paul បានឆ្លើយតបដោយការលើកទឹកចិត្ត Salah នឹង Liverpool ទាំងមូលជាមួយការចែករំលែកការ tweet របស់ Salah ហើយសរសេរបន្ថែមថា “វាមិនអីនោះទេ។ ពួកយើងនៅតែស្រលាញ់អ្នកដដែល។ Alexa ដាក់ចម្រៀង You’ll Never Walk Alone ភ្លាមមក”៕