Man Utd ចាប់ផ្តើមកិច្ចចរចារជាមួយ PSG ជុំវិញរឿងរ៉ាវរបស់ Neymar

យោងតាមរបាយការណ៍ពីប្រទេសបារាំងបានឱ្យដឹងថា Manchester United កំពុងតែពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Neymar ពី Paris Saint-Germain នៅរដូវក្តៅនេះ។

ក្លិបនៅ Premier League ជាច្រើនបានចូលចរចាជាមួយ PSG ជុំវិញការនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ដោយការពិភាក្សាជាមួយ United គឺបានវិវត្តន៍ខ្លួនឆ្ងាយបំផុត។ Newcastle ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ក្លិប​មួយ​ដែល​ចង់​នាំ​គាត់​ទៅ​អង់គ្លេសកាលពីរដូវក្តៅមុន តែមិនបានសម្រេចដោយសារតែចំណូលចិត្តរបស់ Neymar ក្នុងការបន្តអាជីពនៅបារាំង។

PSG មានការបើកចំហរក្នុងការលក់កីឡាករវ័យ 31 ឆ្នាំរូបនេះនៅរដូវក្តៅនេះ ហើយ Neymar កំពុងពិចារណាយ៉ាងខ្លាំងក្នុងការចាកចេញចំពេលរដូវកាលដែលគាត់ និងមិត្តរួមក្រុម Lionel Messi ត្រូវបានគេដាក់គោលដៅម្តងហើយម្តងទៀតសម្រាប់ការរិះគន់ពីសំណាក់អ្នកគាំទ្រក្លិប។ Casemiro ដែលជាមិត្តរួមជម្រើសជាតិប្រេស៊ីលរបស់ Neymar កំពុងជំរុញឲ្យ Man United នាំយកអតីតកីឡាករ Barcelona មកលេងក្នុងផែនការរបស់អ្នកចាត់ការ Erik ten Hag ។ បិសាចក្រហមចង់ចុះហត្ថលេខាលើគាត់ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលនេះ ប៉ុន្តែភាគីបារាំងពេញចិត្តនឹងផ្ទេរគាត់ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍វិញ៕