គ្រូបង្វឹករបស់ក្រុម Brighton លោក Roberto De Zerbi បានសារភាពថាខ្សែបម្រើឆ្នើមពីររូបរបស់ក្លិប រួមមាន Moises Caicedo និង Alexis Mac Allister អាចចាកចេញពី Brighton ចំពេលមានទំនាក់ទំនងជាមួយ Manchester United និង Liverpool ។

ខ្សែបម្រើកណ្តាលរបស់ Brighton បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ទាំងក្លិប និងប្រទេសក្នុងរដូវកាល 2022-2023 នេះ។ ខណៈពេលដែល Mac Allister បានឈ្នះការប្រកួត World Cup ជាមួយអាហ្សង់ទីន Caicedo ក៏បានបង្កើតការចាប់អារម្មណ៍សម្រាប់ក្រុមជម្រើសជាតិអេក្វាឌ័រក្នុងការប្រកួតនៅប្រទេសកាតាផងដែរ ហើយបុរសទាំងពីរនាក់បានដើរតួយ៉ាងសំខាន់សម្រាប់រដូវកាលដ៏ល្អរបស់ Brighton ពេលនេះ។

ចំពេលដែល Mac Allister ក្លាយជាគោលដៅតែមួយរបស់ Liverpool ហើយ Caicedo បានទាក់ភ្នែកក្រុម Arsenal នឹង Manchester United ពេលនេះគ្រូបង្វឹករបស់ Brighton ក៏បានចេញមកនិយាយចំៗជុំវិញលទ្ធភាពដែលរូបគេទាំងពីរអាចនឹងចាកចេញថា ” យើងអាចផ្តល់ឱកាសឲ្យ Moises និង Alexis លេងនៅការប្រកួតលីកអឺរ៉ុប។ កម្រិតរបស់យើងគឺធំជាងឥឡូវនេះឆ្ងាយណាស់។ ពួកគេជាកីឡាករល្អណាស់ ។ ខ្ញុំសម្រេចចិត្តដើម្បីជាប្រយោជន៍សម្រាប់ខ្លួនខ្ញុំ និងក្លឹប ហើយក៏សម្រាប់កីឡាករផងដែរ។ ពួកគេមានជីវិតតែមួយ ហើយយើងមិនអាចសម្រេចចិត្តសម្រាប់ពួកគេ ដោយឃាត់គេទុកបានឡើយ”៕