Erik ten Hag បានទាមទារឲ្យកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជម្នះជាចាំបាច់បំផុតនៅពេលពួកគេត្រូវប៉ះ តោខៀវ Chelsea នៅសប្តាហ៍ក្រោយដើម្បីធានាថាពួកគេដណ្តើមបានកៅអីមួយនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។

ការទទួលជ័យជម្នះ 1-0 របស់ Man Utd នៅលើទឹកដី Bournemouth កាលពីពេលថ្មីៗនេះ មានន័យថា ពួកគេស្ថិតក្នុងតំបន់ក្បែរសុវត្ថិភាពនៃការបញ្ចប់ចំណាត់ថ្នាក់ក្នុងកំពូលទាំងបួននៅក្នុងក្របខ័ណ្ឌ Premier League ។ ជ័យជម្នះនេះគួបផ្សំនឹងលទ្ធផលស្មើ 1-1 របស់ Liverpool ទល់នឹង Aston Villa មានន័យថា United ត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ដើម្បីមានសិទ្ធិសម្រាប់ការប្រកួត Champions League នៅរដូវកាល 2023-2024។

ទោះជាយ៉ាងណាក៏ដោយ Ten Hag និយាយថាលទ្ធផលផ្សេងទៀតមិនទាក់ទងនឹងគាត់ទេ ខណៈដែលគាត់បានព្រមានកីឡាកររបស់គាត់ថាគាត់ចង់បានបីពិន្ទុពេញពីការប្រកួតបន្ទាប់របស់ពួកគេ។ គាត់បានប្រាប់ BBC Match of the Day ថា “ខ្ញុំមិនខ្វល់ថានឹងមានអ្វីកើតឡើងនៅ Liverpool ទេ ព្រោះវាគឺអំពីពួកយើង។ យើងត្រូវតែបំពេញការងារ។ យើងជិតទៅដល់គោលដៅដែលយើងចង់បាននោះហើយ ប៉ុន្តែយើងមិនទាន់ទៅដល់នៅឡើយ ដូចនេះយើងត្រូវការឈ្នះជាចាំបាច់ “៕