Man City លើកពាន Premier League 3រដូវកាលជាប់ៗគ្នា ក្រោយកាំភ្លើងធំភ្លាត់ស្នៀតដោយសារក្រុមក្បែរបាតតារាង

តំណែងក្នុងនាមជាម្ចាស់ពានលីកកំពូលអង់គ្លេសរបស់មេឃខៀវ Manchester City ត្រូវបានប្រកាសម្តងទៀតកាលពីពេលថ្មីៗនេះ ក្រោយក្រុមដែលឈរកំពូលតារាងសឹងមួយរដូវកាល Arsenal បែរជាភ្លាត់ស្នៀតចាញ់ក្រុមក្បែរបាតតារាង Nottingham Forest ទៅវិញ។

មួយគ្រាប់កាលពីតង់ទីមួយរបស់ខ្សែប្រយុទ្ធ Taiwo Awoniyi គឺគ្រប់គ្រាន់សម្រាប់ការរក្សាការពារ Nottingham Forest ឲ្យបន្តលេងនៅ Premier League រដូវកាលក្រោយ។ លើលពីនេះ មួយគ្រាប់នេះជាគ្រាប់ដែលបានហុចពាន Premier League ទៅកាន់ក្រុមរបស់លោក Pep Guardiola ដោយមិនបាច់ត្រូវប្រឹងអ៊ុតលទ្ធផលទល់នឹង Chelsea នាថ្ងៃអាទិត្យនេះ។

Arsenal ត្រូវបានគេចាត់ទុកថាជាក្រុមមួយដែលសឹងតែអាចលើកពានលីកកំពូលជាលើកដំបូងក្នុងរយះពេលជិត 2 ទស្សវត្សទៅហើយ ដោយមានគម្លាតពិន្ទុពីក្រុម Man City រហូតទៅដល់ 8 ពិន្ទុកាលពីដើមខែមេសា ប៉ុន្តែក្រោយធ្លាក់ជើងយ៉ាងគំហុកដោយរកបានត្រឹម 7 ពិន្ទុពីការប្រកួត 8 ប្រកួតចុងក្រោយ បូករួមទាំងការតស៊ូរបស់ Man City ធ្វើឲ្យក្រុមកាំភ្លើងធំរបស់ Mikel Arteta មិនមានពានអ្វីក្នុងដៃទាល់តែសោះសម្រាប់រដូវកាល 2022-2023 នេះ៕