Sam Allardyce ពេញចិត្តនឹងភាពខ្លាំងនៃក្រុម Leeds របស់គាត់ ដោយនិយាយថាពួកគេមិនបានដើរគន្លងដូច Real Madrid នៅពេលដែលជួបជាមួយមេឃខៀវ Manchester City នោះឡើយ។

Leeds ដណ្តើមបានមួយពិន្ទុពីការប្រកួតទាំងពីរដែលពួកគេបានលេងចាប់តាំងពីលោក Allardyce ជំនួសលោក Javi Gracia នៅដើមខែឧសភា។ បន្ទាប់ពីចាញ់ 2-1 ក្រោមស្នាដៃក្រុម Manchester City ពួកគេទទួលបានលទ្ធផលល្អគួរសមដោយការទប់បានស្មើជាមួយក្រុមសារិកាព្រៃ Newcastle កាលពីសប្តាហ៍មុន។ លោក Allardyce មានភារកិច្ចរក្សាម្ចាស់កីឡដ្ឋាន Elland Road ឲ្យបន្តលេងនៅ Premier League ហើយគាត់ឃើញសញ្ញាវិជ្ជមានមួយចំនួន ដោយចង្អុលទៅ Man City បំបាក់ Real Madrid យ៉ាងស្ពឹកមុខក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League។

ថ្លែងទៅកាន់កាសែត The Times អ្នកចាត់ការរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំបានឃើញក្រុម Real Madrid នៅសប្តាហ៍នេះក្នុងរបៀបមួយដែលយើងមិនដែលបានធ្វើនៅពេលប៉ះ Man City។ បច្ចុប្បន្ននេះយើងកំពុងតែព្យាយាមជាខ្លាំងក្នុងការឈរជើងបន្តនៅ Premier League ព្រោះយើងបានចំណាយពេលជាច្រើនទម្រាំធ្វើវាបាន។ ខ្ញុំគិតថាយើងមានកត្តាសំខាន់ៗជាច្រើនដែលអាចជួយយើងបាន”៕