Mourinho ជឿជាក់មុតមាំថា Roma គួរតែឈ្នះ Europa League រដូវកាលនេះហើយ

អ្នកចាត់ការរបស់ក្រុម AS Roma លោក Jose Mourinho ហាក់មានភាពជឿជាក់យ៉ាងខ្លាំងចំពោះកូនក្រុមរបស់ខ្លួន ដោយបាននិយាយទុកជាមុនថាក្រុមរបស់ខ្លួនគួរតែបានឈ្នះពាន UEFA Europa League រួចទៅហើយមុនការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Bayer Leverkusen។

ជំនឿចិត្តទាំងនេះបានមកពីមូលហេតុដែលក្រុមរបស់លោកជាក្រុមតែមួយគត់ដែលលេងពាននេះចាប់តាំងពីដើមរដូវកាល មិនដូចក្រុមផ្សេងៗដូចជា Leverkusen ដែលធ្លាក់ពីពាន UEFA Champions League ដើម្បីមកលេងនៅការប្រកួតធំទីពីររបស់បាល់ទាត់កម្រិតក្លិបនៅអឺរ៉ុបនេះឡើយ។

នៅក្នុងសន្និសីទកាសែតមុនការប្រកួត អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះបាននិយាយថា “បើសិនជាខ្ញុំគ្មានអំនួតនោះទេ ខ្ញុំអាចនិយាយយ៉ាងស្រួលថាយើងបានឈ្នះ Europa League ទៅហើយ។ ប្រសិនបើ Europa League គឺសម្រាប់ក្រុមដែលលេងពាននេះតាំងពីដើមមក គឺ Roma ឈ្នះបាត់ទៅហើយ​ប៉ុន្តែនេះគ្រាន់តែជាទស្សនះរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់ថាខ្ញុំពិតជាមានការគោរពទៅដល់ Leverkusen ប៉ុន្តែវាមានតម្លៃខ្លាំងសម្រាប់ក្រុមដែលលេងបាន 14 ប្រកួតនៅ Europa League ជាងក្រុមដែលចំណាយធនធានជាច្រើនហើយលេងនៅវគ្គចែកពូលពាន Champions League”