Ivan Toney បានបង្ហាញខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ ខណៈដែលការស៊ើបអង្កេតលើការចោទប្រកាន់ចំនួន 262 ករណីនៃបទល្មើសភ្នាល់ដែលត្រូវបានចោទប្រកាន់ជិតដល់ទីបញ្ចប់។

Toney ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ភ្នាល់ចំនួន 232 ក្នុងខែវិច្ឆិកា ឆ្នាំ 2022 មុនពេលរងការចោទប្រកាន់ចំនួន 30 បន្ថែមទៀតនៅខែបន្ទាប់។ គាត់បានបន្តលេងតាំងពីពេលនោះមក ប៉ុន្តែឥឡូវនេះបានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាការ និងបានសារភាពចំពោះករណីមួយចំនួន នេះបើយោងតាមរបាយការណ៍ ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏បានផ្តល់ភស្តុតាងបន្ថែមទៀត ដោយមិនបានទទួលស្គាល់រាល់បទល្មើសទាំងអស់នោះឡើយ។

ក្នុងករណីដែលក្រុមប្រឹក្សាវិន័យរកឃើញថា Toney ត្រូវទទួលខុសត្រូវចំពោះករណីទាំង 262 នោះពិតមែន Toney នឹងត្រូវរងពិន័យយ៉ាងធ្ងន់ធ្ងរដោយអាចប្រឈមនឹងការជាប់បម្រាមមិនឲ្យលេងចំនួន 6 ខែរឺច្រើនជាងនេះ បើផ្អែកតាមស្ថានទម្ងន់ទោសដែលបានរកឃើញ៕