អនាគតរបស់ Marcel Sabitzer នៅតែមិនច្បាស់លាស់ ស្របពេលដែលរដូវកាលរបស់គេបានបញ្ចប់ដោយសារបញ្ហារបួស

កីឡាករខ្ចីជើងរបស់ក្រុមបិសាចក្រហម Manchester United Marcel Sabitzer នឹងត្រូវបានដាក់មិនឲ្យប្រកួតរហូតចប់រដូវកាលក្រោយរងរបួសជង្គង់ ហើយពេលនេះអនាគតរបស់គេជាមួយ Man United ក៏មិនទាន់មានភាពច្បាស់លាស់អ្វីនៅឡើយ។

ខ្សែបម្រើរូបនេះបានអវត្តមានកំឡុងជ័យជម្នះរបស់​​ Man United ទៅលើក្រុម Wolves កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយមានអារម្មណ៍ចម្លែកនៅជង្គង់របស់គេក្នុងការប្រកួតជាមួយ West Ham។ មិនបានប៉ុន្មាន ក្លិប Manchester United បានធ្វើការប្រកាសជាផ្លូវការថា Sabitzer នឹងអាក់ខានការប្រកួតដែលនៅសល់ទាំងប៉ុន្មានសម្រាប់ក្រុម បូករួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន FA Cup ទល់នឹងក្រុមមេឃខៀវ Manchester City នៅថ្ងៃទី 3 មិថុនាផងដែរ។

យោងតាមលក្ខខណ្ឌជាក់ស្តែង ការប្រកួតទល់នឹង West Ham អាចជាការប្រកួតចុងក្រោយសម្រាប់ខ្សែបម្រើសញ្ជាតិអូទ្រីសក្នុងនាមជាកីឡាកររបស់លោក Erik ten Hag ដោយរូបគេគ្រាន់ជាកីឡាករខ្ចីជើងត្រឹមចប់រដូវកាល 2022-2023 ពីក្រុម Bayern Munich តែប៉ុណ្ណោះ ដោយមិនបានបូកបញ្ចូលលក្ខខណ្ឌទិញផ្តាច់នោះឡើយ ទោះបីរូបគេផ្ទាល់ហាក់មានភាពរីករាយក្នុងករណីដែល Man Utd សម្រេចទិញរូបគេផ្តាច់ពីក្រុមយក្សនៅអាឡឺម៉ង់ពិតមែន៕