Mikel Arteta បានត្រឹមសុំទោសអ្នកគាំទ្រក្រោយក្តីសង្ឃឹមលើកពាន Premier League រលាយគ្មានសល់

Mikel Arteta បានសុំទោសទៅកាន់អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ជុំវិញរបៀបដែលក្រុមរបស់គាត់បានលេងក្នុងតង់ទីពីរទល់នឹង Brighton កាលពីពេលថ្មីៗនេះ។

Arsenal ដើរចូលទៅក្នុងការប្រកួតទាំងដឹងថាពួកគេត្រូវតែឈ្នះដើម្បីរក្សាសម្ពាធលើក្រុម Manchester City បន្ទាប់ពីការទទួលជ័យជម្នះរបស់ Man City នៅលើទឹកដីក្រុម Everton ប៉ុន្តែបន្ទាប់ពីតង់ទីមួយដ៏តឹងតែងជាមួយនឹងក្រុម Brighton ពួកគេបានរបូតទៅដល់3គ្រាប់ធ្វើឲ្យកាំភ្លើងធំស្គាល់រសជាតិបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 3-0។ វាជាការចាញ់ដែលបានបញ្ចប់ក្តីសង្ឃឹមក្នុងលើកពានលីកកំពូលអង់គ្លេសរបស់ពួកគេស្របពេលការប្រកួតនៅសល់ចំនួនពីរ។


Arteta បានឲ្យដឹងក្រោយចប់ការប្រកួតថា “វាពិតជាអារម្មណ៍ខុសប្លែកពីអារម្មណ៍ដែលយើងទាំងអស់គ្នាមានកាលពីថ្ងៃអាទិត្យមុនទល់នឹង Newcastle នៅពេលដែលយើងមានអារម្មណ៍មោទនភាព ហើយយើងមានអារម្មណ៍ថាយើងពិតជាបានធ្វើអ្វីដែលយើងត្រូវការដើម្បីឈ្នះក្នុងគ្រាជាក់លាក់ណាមួយ។ ថ្ងៃនេះផ្ទុយស្រឡះទាំងស្រុង។ យើងត្រូវសុំទោសអ្នកគាំទ្ររបស់យើងជាពិសេសសម្រាប់ទម្រង់លេងនៅតង់ទីពីរ”