ភ្ញាក់ផ្អើលពេលឃើញ Neymar ខលទៅ Suarez ដើម្បីលើកទឹកចិត្ត Messi

អតីតមិត្តរួមក្រុម Neymar នឹង Luis Suarez បានចូលរួមជាមួយគ្នាក្នុងការទស្សនាការប្រកួតដែលមានវត្តមានរបស់ Lionel Messi សម្រាប់ក្រុមសេដ្ឋីបារាំង Paris Saint-Germain ស្របពេលដែលអ្នកគាំទ្រជាច្រើនបានបង្ហាញពីការមិនពេញចិត្តទៅលើ Messi។

Neymar ដែលកំពុងសម្រាកដោយសារបញ្ហារបួសបានចូលទស្សនាផ្ទាល់ក្នុងការប្រកួតដែលម្ចាស់ផ្ទះ PSG បានយកឈ្នះ Ajaccio ក្នុងលទ្ធផល 5:0 ហើយរូបគេបានធ្វើការខលជាវីដេអូទៅកាន់ Suarez កំឡុងការប្រកួតដោយអ្នកទាំងពីរសុទ្ធសឹងតែគាំទ្រ Messi ទោះបើជាអ្នកគាំទ្រម្ចាស់ផ្ទះមិនសប្បាយចិត្តយ៉ាងណាក៏ដោយ។

កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលបានបង្ហោះជារូបភាពនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនដែលបង្ហាញយ៉ាងច្បាស់ថារូបគេបាននិយាយគ្នាជាមួយ Suarez ថែមទាំងបានសរសេរភ្ជាប់ថា “ទស្សនាមិត្តភក្តិរបស់យើងជុំគ្នា” ថែមទៀតផង៕