កីឡាករ Joe Willock ទើបតែបានបើកចំហរពីមូលហេតុពិតដែលរូបគេសម្រេចមិនបន្តអាជីពជាមួយក្រុមកាំភ្លើងធំ Arsenal ដោយចាកចេញមកលេងឲ្យក្រុមសារិកាព្រៃ Newcastle United វិញ។

ដើមហេតុដំបូងបានកើតឡើងកាលពីទីផ្សារដោះដូរកីឡាកររដូវរងានៃឆ្នាំ 2021 ដែល Newcastle បានធ្វើការខ្ចីជើង Willock មួយរដូវកាលស្របពេលដែលក្រុមមួយនេះកំពុងតែជួបប្រទះបញ្ហាធ្ងន់ធ្ងរជាមួយលទ្ធភាពដែលអាចនឹងត្រូវកាត់ចោលទៅលេងនៅលីកទី2។ Willock បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចស៊ុតចូលការប្រកួត Premier League 6 ប្រកួតជាប់ៗគ្នា ហើយ Newcastle ក៏បានសម្រេចទិញរូបគេផ្តាច់យកតែម្តង។ ការចាកចេញពី Arsenal ដែលជាក្លិបពីកុមារភាពរបស់គេមិនមែនជារឿងស្រួលនោះឡើយ ប៉ុន្តែវាច្បាស់ណាស់ដែល Willock លែងជាកីឡាករដែល Arsenal ត្រូវការទៀតហើយ។

កីឡាកររូបនេះបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា “ខ្ញុំចាំថារដូវក្តៅពេលត្រលប់ទៅ Arsenal ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំរីករាយនឹងការខ្ចីជើងនេះ ប៉ុន្តែដើម្បីធ្វើឱ្យវាជាអចិន្ត្រៃយ៍គឺជាការសម្រេចចិត្តដ៏ធំ។ ខ្ញុំមិនប្រាកដថាខ្ញុំចង់ចាកចេញពី Arsenal ទេ ប៉ុន្តែខ្ញុំលែងមានអារម្មណ៍ថាមានតម្លៃទៀតហើយ នោះគឺជាមូលហេតុដែលជម្រុញឲ្យខ្ញុំចុះហត្ថលេខាជាមួយ Newcastle តែម្តង”៕