មិត្តរួមក្រុមរបស់ Thibaut Courtois កីឡាករ Lucas Vazquez បានធ្វើការឌឺដងបែបលេងសើចទៅកាន់អ្នកចាំទីដៃទីមួយរបស់អធិរាជស Real Madrid ដោយការបង្ហោះយ៉ាងអស់សំណើចមួយនៅលើបណ្តាញសង្គម Instagram ដើម្បីជាការជូនពរថ្ងៃកំណើតរបស់ Courtois។

ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះបានសម្រេចធ្វើការជូនពរយ៉ាងចម្លែកមិនធ្លាប់មួយទៅមិត្តរួមក្រុមរបស់ខ្លួន ដោយបានបង្ហោះរូបភាពគ្រួសារនៅសួនសត្វដោយថតជាប់សត្វកវែង រួចបានសរសេរថា “អបអរសាទរ” ហើយបាន tag ឈ្មោះរបស់អ្នកចាំទីសញ្ជាតិប៊ែលហ្សិកនៅចំពីលើសត្វកវែងតែម្តង។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេប្រៀបធៀបទៅនឹងសត្វកវែងវកាលពីអតីតកាលដោយផ្អែកលើរូបរាងដ៏ខ្ពស់ត្រដាងរបស់គាត់ ហើយនៅឆ្នាំ 2021 គាត់ថែមទាំងបានសើចចំអកដាក់ខ្លួនគាត់ដោយបង្ហោះរូបភាពពីការទៅលេងនៅ Madrid Safari Park ដោយសរសេរថា “បងប្អូនប្រុស” របស់គាត់ ដែលជារូបភាពជាមួយសត្វកវែង៕