ខ្សែបម្រើប្រយុទ្ធកំពុងឡើងជើង Kaoru Mitoma បានសារភាពថាបានរងបរាជ័យទាំងស្រុង នៅពេលដែលលេងទល់នឹង Aaron Wan-Bissaka ក្នុងការចាញ់របស់ Brighton នៅពាន FA Cup ក្រោមស្នាដៃក្រុម Manchester United ។

ក្រុមបិសាចក្រហមបានកក់កៅអីរបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅខែមិថុនា បន្ទាប់ពីទទួលបានជ័យជំនះលើក្រុម Brighton ក្នុងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើបនៅកីឡដ្ឋាន Wembley បន្ទាប់ពីក្រុមទាំងពីរត្រូវបានត្រឹមស្មើគ្នាក្នុងលទ្ធផល 0-0 បន្ទាប់ពីការប្រកួតរយៈពេល 120 នាទី។ Wan-Bissaka បានរក្សាទម្រង់លេងយ៉ាងតឹងរ៉ឹងលើ Mitoma កាលពីល្ងាចថ្ងៃអាទិត្យ ជាមួយនឹងស្នៀតលូកយកបាល់មួយចំនួនពេញការប្រកួត ហើយតែងតែទទួលបានជ័យជម្នះក្នុងស្ថានភាពមួយទល់នឹងមួយ។

Mitoma បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួត “គាត់គឺជាគូប្រជែងដ៏ខ្លាំងម្នាក់ នោះជាអ្វីដែលខ្ញុំបានគិតខណៈពេលដែលខ្ញុំកំពុងលេង ប៉ុន្តែមានស្ថានភាពជាច្រើនដែលជើងរបស់គាត់លាតសន្ធឹងមួយទំហឹង។ ខ្ញុំគិតថាវាជាការបរាជ័យទាំងស្រុង” ៕