លោក Cristian Stellini ដេលជាអ្នកមកជំនួសតំណែងលោក Antonio Conte ក្នុងលក្ខខណ្ឌបណ្តោះអាសន្នរហូតដល់ត្រឹមចុងរដូវកាល ពេលនេះហាក់គ្មានផ្តល់ការរីកចម្រើនដល់ក្រុមទាល់តែសោះ រហូតត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspurs បណ្តេញចេញដូចគ្នា ក្រោយរងបរាជ័យយ៉ាងស្ពឹកមុខក្រោមថ្វីជើងរបស់ក្រុម Newcastle United។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានលាឈប់ពីតួនាទីរបស់គាត់ជាជំនួយការគ្រូបង្វឹកដើម្បីជំនួសលោក Antonio Conte រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនៅពេលដែល Conte បានចាកចេញពីក្លិបកាលពីចុងខែមីនា ប៉ុន្តែមិនបានឃើញលទ្ធផលប្រសើរឡើងនោះទេ ខណៈដែល Spurs បច្ចុប្បន្នហាក់កាន់តែឆ្ងាយពីកៅអី Champions League ដោយឃ្លាតពីក្រុម top 4 រហូតទៅដល់6ពិន្ទុ។

ចំពោះការចាកចេញរបស់លោក Stellini នៅពេលនេះ Spurs ត្រូវតែងតាំងលោក Ryan Mason ឡើងជាគ្រូបណ្តោះអាសន្នជាលើកទី2 ដោយ Mason ក៏ធ្លាប់ដឹកនាំ Spurs បណ្តោះអាសន្នបែបនេះរួចម្តងហើយ ដោយកាលនោះក្លិបទើបតែបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីឆ្នាំ 2021៕