Saka និង Martinelli ដើរតាមគន្លងរបស់ Ronaldo និង Rooney បន្ទាប់ពីរួមចំណែកតាមស្មើ Southampton

កីឡាករ Bukayo Saka និង Gabriel Martinelli របស់ Arsenal ពេលនេះបានផ្គូផ្គងកំណត់ត្រារបស់អតីតកីឡាករ Cristiano Ronaldo និង Wayne Rooney រួចស្រេចទៅហើយ។

Martinelli បានស៊ុតបាល់បញ្ចូលទីបន្ទាប់ពីការបញ្ជូនរបស់ Saka ដើម្បីតាមពីក្រោយមួយគ្រាប់មកវិញសម្រាប់ Arsenal ទល់នឹង Southampton ក្នុងពានរង្វាន់ Premier League ។ យោងតាម ​​OptaJoe ជាមួយនឹងការស៊ុតបញ្ចូលទីរៀងៗខ្លួន និងការបញ្ជូនឲ្យដៃគូស៊ុតចូល ពេលនេះកីឡាករទាំងពីរបានក្លាយជាដៃគូទីពីរដែលមានអាយុ 21 ឆ្នាំឬក្រោម បន្ទាប់ពី Ronaldo និង Rooney របស់ Manchester United ដែលមានការការចូលរួមចំណែកសម្រាប់គ្រាប់បាល់ចាប់ពី 20គ្រាប់ឡើងនៅក្នុងមួយរដូវកាល។

ជារឿងសោកស្តាយសម្រាប់ Arsenal ជ័យជម្នះក្នុងដីទល់នឹងក្រុមដែលកំពុងដុនដាបនៅតំបន់កាត់ចោលដូចជា Southampton អាចធ្វើឲ្យមានការប្រែប្រួលជាខ្លាំងសម្រាប់ក្រុមកំពូលតារាង Premier League មុនការប្រកួតដែលអាចចាត់ទុកថាជាការប្រកួតសម្រេចជោគវាសនាម្ចាស់ពានឆ្នាំនេះ ដោយ Arsenal ត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅកាន់កីឡដ្ឋាន Etihad Stadium របស់មេឃខៀវ Manchester City៕