បន្ទាប់ពីឃើញថាក្រុមបិសាចក្រហមបានយកឈ្នះក្រុម Brighton ក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ ស្រាប់តែខ្សែការពារ Diogo Dalot បានបង្ហើបថា Manchester United បានអនុវត្តការស៊ុតបាល់ប៉េណាល់ទីពេញមួយរដូវកាលមកហើយ។

ក្រុមបិសាចក្រហមដែលបានឈ្នះពានរង្វាន់ Carabao Cup ក្នុងឆ្នាំ 2023 រួចហើយនោះ បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដ៏សំខាន់មួយទៀត ដែលពួកគេនឹងប្រឈមមុខនឹងគូប្រជែងអ្នកជិតខាង Manchester City បន្ទាប់ពីយកឈ្នះលើក្រុម Brighton ក្នុងការប្រកួតដ៏អស្ចារ្យនៅកីឡដ្ឋាន Wembley ក្នុងការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រ ក្រោយមិនអាចរកអ្នកឈ្នះឃើញក្នុងការប្រកួតរយះពេល 120នាទីពេញ។

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Dalot បានប្រាប់ MUTV ថាហេតុអ្វីបានជា Man United តែងតែមានទំនុកចិត្តក្នុងការឡើងមកទាត់បាល់11ម៉ែត្រ ស្របពេលដែល Solly March គឺជាបុរសតែម្នាក់គត់ដែលស៊ុតមិនចូលសម្រាប់ Brighton ថា “ចាប់តាំងពីការចាប់ផ្តើមរដូវកាលមុនមក ពួកយើងបានព្យាយាមហ្វឹកហាត់បាល់ប៉េណាល់ទីទាំងអស់គ្នា។ ខ្ញុំគិតថានេះជាអារម្មណ៍មួយដែលពេលវេលានឹងមកដល់ថ្ងៃមួយ ហើយយើងត្រូវតែត្រៀមខ្លួន។ ហើយខ្ញុំគិតថាអ្នករាល់គ្នាបានបង្ហាញពីគុណភាព ថ្វីត្បិតកីឡាករខ្លះបានធ្លាក់ក្នុងសម្ពាធធំមួយ ព្រោះវាពិបាកដោយសារតែនៅពីក្រោយអ្នកគាំទ្រ Brighton ស្រែកដាក់អ្នក ដូចនេះអ្នកពិបាកក្នុងការផ្តោតអារម្មណ៍។ ដូច្នេះយើងបានបង្ហាញបុគ្គលិកលក្ខណៈ ហើយខ្ញុំពិតជាសប្បាយចិត្តជាមួយអ្នករាល់គ្នាដែលយើងស៊ុតបាល់ប៉េណាល់ទី ហើយយើងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រ”៕
ប្រភព : MUTV