ខ្សែបម្រើ Kevin De Bruyne ត្រូវបានគេប្រទះថារង្វង់ភ្នែករបស់រូបគេខ្មៅខុសពីធម្មតា បន្ទាប់ពីអបអរការស៊ុតចូលគ្រាប់ទី៣ ក្នុងជំនួបរវាង Manchester City និង Brighton កាលពីយប់មិញនេះ។

De Bruyne មានស្នាមខ្មៅមួយនៅលើមុខរបស់គេចាប់តាំងពីចាប់ផ្តើមការប្រកួតមកម្ល៉េះ ប៉ុន្តែទើបទទួលបានការចាប់អារម្មណ៍នៅពេលដែលរូបគេយកដៃបាំងភ្នែកខាងឆ្វេង ដោយបន្សល់ទុកភ្នែកខាងស្តាំដែលមានស្នាមជាំខ្មៅនោះ។

យោងទៅតាមប្រភពជាច្រើនបានឲ្យដឹងថា ស្លាកស្នាមមួយនេះបានកើតមានឡើងកំឡុងការហ្វឹកហាត់ជាមួយក្រុមមេឃខៀវ Man City។ មូលហេតុចម្បងនោះគឺ Kevin De Bruyne ត្រូវបានគេទាត់មួយបាល់ចំកណ្តាលមុខដោយអចេតនា។ ទោះជាភ្នែកមានស្នាម រូបគេនៅតែបន្តធ្វើបានល្អ ដោយស៊ុតមួយគ្រាប់ពីលើតំបន់គ្រោះថ្នាក់បានយ៉ាងលឿន។ De Bruyne និងបន្តដំណើរជាមួយ Man City ទៅកាន់កីឡដ្ឋាន Signal Iduna Park សម្រាប់ការប្រកួតទល់និង Borussia Dortmund ក្នុងការប្រកួត UEFA Champions League សប្តាហ៍ក្រោយ៕
ប្រភព : ESPN