ថ្ងៃទី៦វិច្ឆិកានេះ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនា ទៀ បាញ់ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។

ជើងខ្លាំង ឃុន បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដែលបានចំណាត់ថ្នាក់លេខ១ ក្នុងពូលនោះ ត្រូវតស៊ូជាមួយអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា ដែលបានលេខ២ ក្នុងពូលមួយទៀត។
ការប្រកួតក្នុងពូលកន្លងមក ៣ប្រកួត បូរ៉ា បានទទួលជ័យជំនះទាំង៣ប្រកួត ចំពោះ វ៉ាន់វឿន វិញ៣ប្រកួតរបស់គេឈ្នះបាន២ប្រកួត និងចាញ់មួយប្រកួត។ វ៉ាន់ វឿន ជាអ្នកប្រដាល់ដែលខ្សោយជើងក្រោម រីឯជង្គង់និងកែងរបស់គេអស្ចារ្យណាស់។ សម្រាប់ បូរ៉ា វិញទោះបីមុខរបស់គេមិនសូវរឹងមែន តែផ្លែជង្គង់ កែង កណ្ដាប់ដៃ និងស្នៀតទាត់ គឺមិនស្រួលទប់ទល់នោះឡើយ។
ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ កូនរាហ៊ូមាសខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ដែលឈរក្នុងតំណែងលេខ១ ក្នុងពូលនោះ ត្រូវជួបជាមួយអ្នកប្រដាល់សូត្រ វាសនា ក្លិបបក្សីស្លាបដែក ដែលឈរក្នុងតំណែងលេខ២ក្នុងពូល។
វ៉ាន់ថងកំពស់របស់គេស្ទើរជាង វាសនា បន្តិចតែទាំងការវាយលុក និងការពាររបស់គេល្អ ពិសេសគេមានភាពអំណត់ខ្ពស់ទៀតផង។ វាសនា ជង្គង់រហ័សមែន តែពោះរបស់គេជ្រាយ ប្រសិនបើត្រូវមួយជង្គង់ ឬកែងនោះគេបាត់បង់លទ្ធភាពប្រកួតតែម្ដង។ តែសម្រាប់វគ្គនេះ ពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នា។
អ្នកឈ្នះនឹងប្រជែងបានកៅអីនៅវគ្គផ្ដាច់ព្រ័ត្រ ចំពោះអ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣។ ឈុត សេរីវ៉ាន់ថង, ឃុន បូរ៉ា, វ៉ាន់ វឿន និង សូត្រ វាសនា នរណាឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ៕