តើពិតទេដែលការដេញលោក Rudi Garcia មានពាក់ព័ន្ធនឹង Ronaldo?

ក្លិបសេដ្ឋីវាលខ្សាច់អារ៉ាប៊ីសាអូឌីត Al-Nassr បានបញ្ជាក់យ៉ាងច្បាស់ពីការចាកចេញរបស់អ្នកចាត់ការទូទៅលោក Rudi Garcia មួយថ្ងៃបន្ទាប់ពីរបាយការណ៍លេចឡើងថាគ្រូបង្វឹករូបនេះមានទំនាស់ជាមួយ Cristiano Ronaldo។

នៅក្នុងលិខិតយ៉ាងខ្លីរបស់ Al-Nassr បានលើកឡើងថា ” Al-Nassr អាចប្រកាសបានថាគ្រូបង្វឹកបង្គោលលោក Rudi Garcia បានចាកចេញពីក្លិបដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាង។ ថ្នាក់ដឹកនាំនឹងអ្នករាល់គ្នានៅ Al-Nassr សូមថ្លែងអំណរគុណទៅដល់ Rudi និងក្រុមការងាររបស់គាត់ដែលបានព្យាយាមប្រឹងប្រែងអស់រយះពេល 8 ខែកន្លងមកនេះ”

ការចាកចេញភ្លាមៗរបស់ Garcia បានរុំព័ទ្ធជាសំណួរជាច្រើនពាក់ព័ន្ធនឹង Ronaldo ដោយខ្សែប្រយុទ្ធរូបនេះបានដើរចេញទាំងកម្រោលពីទីលានក្រោយពេលដែល Al-Nassr ស្មើគ្នា 0-0 ជាមួយក្រុម Al-Feiha ដោយត្រូវបានគេជឿថាមិនសប្បាយចិត្តជាមួយនឹងតាកតិចរបស់លោក Garcia នោះឡើយ ទោះបីជាភាគីខាងគ្រូបង្វឹកបានលើកឡើងផ្ទុយដោយថាកីឡាករជាមូលហេតុចំបងដែលក្រុមមិនអាចក្តោប់យក 3ពិន្ទុបាន៕