ខ្សែការពារចាស់វស្សាពោរពេញទៅដោយបទពិសោធន៍លើឆាកធំ Thiago Silva អាចនឹងត្រូវដាក់ឲ្យចូលលេងជាមួយក្រុម Chelsea វិញក្នុងជំនួបជាមួយ Real Madrid បន្ទាប់ពី Belle ប្រពន្ធរបស់គេបានបង្ហោះវីដេអូលើគណនីបណ្តាញសង្គមរបស់ខ្លួនលើកឡើងថា “បិសាចត្រឡប់មកវិញហើយ”។

គួររំលឹកផងដែរថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានដាក់ឲ្យសម្រាកតាំងពីខែកុម្ភះដោយសារបញ្ហារបួសជង្គង់ក្នុងការបរាជ័យ 2-0 ក្រោមក្រុមមាន់ខ្នាយមាស Tottenham Hotspurs។ ចាប់តាំងពីពេលនោះមក Chelsea ហាក់ដូចបែកក្បួនធ្វើអ្វីក៏មិនត្រូវ ដោយខ្វះបទពិសោធន៍នឹងភាពជាអ្នកដឹកនាំលើទីលានដែល Thiago Silva កំពុងតែមានពេញខ្លួន។

អ្នកគាំទ្ររបស់ Chelsea ប្រហែលជាសប្បាយបិទមាត់មិនជិតពេលដែលខ្សែការពាររូបនេះត្រឡប់មកវិញ ជាពិសេសដំណឹងដែលថារូបគេបានចូលហ្វឹកហាត់វិញកាលពីថ្ងៃច័ន្ទកន្លងទៅ។ ការជាសះស្បើយគឺចំពេលដែលក្រុមកំពុងតែត្រូវការរូបគេជាចាំបាច់ ដោយតោខៀវ Chelsea ត្រូវប៉ះក្រុមម្ចាស់ពាន UCL រដូវកាលមុន Real Madrid ក្នុងការប្រកួតវគ្គ8ក្រុមចុងក្រោយជើងទី1 នៃពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champions League៕
ប្រភព : GOAL