អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានធ្វើការលើកសរសើរពីកីឡាករ Wout Weghorst នៅពេលដែលត្រូវបានសួរអំពីអនាគតរបស់រូបគេជាមួយ Man Utd។

លោក ten Hag ហាក់ពេញចិត្ត Weghorst ជាខ្លាំង ក្រោយរូបគេមានសមត្ថភាពសម្រុកនៅខាងលើជ្រៅៗ ហើយអាចបង្កើតចន្លោះប្រហោងជាច្រើនដើម្បីជួយឲ្យមិត្តរួមក្រុមរបស់ខ្លួនរកគ្រាប់បាល់បាន ក៏ដូចជាចង្វាក់នៃការលេងជាមួយនឹងកីឡាករដទៃផងដែរ។

ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មាន អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានលើកឡើងថា “ជាការពិតណាស់ ខ្ញុំគិតថារូបគេមានសមត្ថភាពជាច្រើនដែលនេះជារឿងដ៏ល្អមួយ។ រូបគេអាចចាត់ទុកថាជាមេដឹកនាំនៃចង្វាក់ដេញយកបាល់ មិនត្រឹមតែប៉ុណ្ណោះ គេក៏មានជំនាញខាងនាំលេងជាមួយមិត្តរួមក្រុមរបស់គេផងដែរ។ រូបគេជាចំណែកមួយនៃភាពជោគជ័យរបស់យើងចាប់តាំងពីបុណ្យណូអែលមក”៕