Aguero ជួបបញ្ហាបេះដូងម្តងទៀត កំឡុងពេល Live នៅលើ Twitch

អតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona និង Manchester City កីឡាករ Sergio Aguero មានបញ្ហាបេះដូងលោតខុសប្រក្រតី អំឡុងពេលផ្សាយផ្ទាល់នៅលើបណ្តាញសង្គម Twitch កាលពីយប់ថ្ងៃពុធ។

Aguero បាន​ឈប់​ហើយ​កៀប​ដើម​ទ្រូង​របស់​គាត់​មួយ​ភ្លែត​នៅ​ពាក់កណ្តាលការផ្សាយផ្ទាល់នៅលើ Twitch ។ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ កីឡាករ​អាហ្សង់ទីន​បាន​ទទួល​ស្គាល់​ថា​គាត់​បាន​ស៊ូទ្រាំ​នឹងបញ្ហាចង្វាក់បេះដូងមិនប្រក្រតី។ សំណាងល្អ នៅពេលដែលត្រូវបានគេសួរថាតើគាត់ត្រូវការជំនួសពីពេទ្យដែររឺទេ Aguero បែរជាឆ្លើយតបថាមិនអីនោះឡើយ។

គួររំលឹកផងដែរថា កីឡាកររូបនេះត្រូវបានបង្ខំចិត្តឲ្យលាឈប់ពីអាជីពបាល់ទាត់ក៏ត្រចះត្រចង់របស់គេ ក្រោយមានជំងឺបេះដូងដែលមិនអាចធ្វើឲ្យគេលេងបាល់បន្តបាន កំឡុងការប្រកួតឲ្យក្រុមអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ 2021៕

ប្រភព : GOAL