អតីតខ្សែការពារស្លាបឆ្វេងរបស់បារាំង Patrice Evra បានសារភាពថា រូបគេរងការបំផ្លិចបំផ្លាញរហូតដល់ថ្នាក់អង្គុយយំក្នុងឡានដោយសារតែកីឡាករ Lionel Messi និងអាហ្សង់ទីន។

Evra ដែលបានបង្ហាញខ្លួនចំនួន 59 លើកសម្រាប់ប្រទេសបារាំងបានសារភាពថាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup គឺជាព្រឹត្តិការណ៍ដ៏រំជួលចិត្តមួយ ហើយបន្ទាប់ពីក្រុមជម្រើសជាតិរបស់គាត់ បានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី Evra ហាក់អន់ចិត្តជាខ្លាំង ទើបដាច់ចិត្តសម្រក់ទឹកភ្នែកនៅក្នុងឡានរបស់គាត់។

Evra បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ RMC ថា “ខ្ញុំបានមើលការប្រកួតផ្ទាល់ ហើយខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំមិននឹកស្មានដល់ឡើយ ហើយនេះខ្ញុំកំពុងតែប្រាប់អ្នកពីការពិត ខ្ញុំបានទៅឡានរបស់ខ្ញុំ ហើយខ្ញុំយំ។ ខ្ញុំត្រូវឈឺចាប់អស់រយៈពេលបីថ្ងៃ ហើយខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា Patrice ខ្ញុំដឹងថាអ្នកស្រឡាញ់ក្រុមបារាំង ប៉ុន្តែវាធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់”៕
ប្រភព : RMC