អ្នកគាំទ្រមួយរូបបង្ហាញភាពមិនពេញចិត្ត ក្រោយចំណាយអស់រាប់ពាន់ដុល្លារតែបែរជាមិនបានឃើញ Messi លេង

អ្នកគាំទ្រ Lionel Messi មួយរូបបានសម្តែងនូវការខកចិត្តជាខ្លាំងរបស់គាត់ជាមួយនឹងផ្លាកសញ្ញាគួរអោយចាប់អារម្មណ៍មួយ បន្ទាប់ពីចំណាយប្រាក់អស់ជិត 5000 ដុល្លារតែបែរជាមិនបានឃើញ Messi លេងសម្រាប់ក្រុម Inter Miami។

សំបុត្រប្រមាណជាង 5 មុឺនសន្លឹកត្រូវបានលក់ខ្ទេចគ្មានសល់សម្រាប់ការប្រកួតរវាង Inter Miami ជាមួយ Vancouver Whitecaps នៅលើទឹកដីប្រទេសកាណាដា។ អ្នក​ចូល​រួម​ជា​ច្រើន​នាក់​បាន​ចំណាយប្រាក់ទ្រង់ទ្រាយធំដើម្បីទទួលបានបទពិសោធន៍ល្អមួយ ស្រពេលដែលរំពឹងថានឹងបានឃើញម្ចាស់ពាន Ballon d’Or 8 សម័យបង្ហាញខ្លួនសម្រាប់ក្រុមរបស់លោក Gerardo Martino។ អ្វីៗប្រែជាក្លាយជាសុបិនអាក្រក់សម្រាប់អ្នកគាំទ្រទាំងនោះ​ ដោយកីឡាករ Lionel Messi, Sergio Busquets នឹង Luis Suarez សុទ្ធសឹងតែគ្មានឈ្មោះលេងសម្រាប់ការប្រកួតនេះ ហើយត្រូវបានដាក់អោយសម្រាកដោយគ្មានកាលកំណត់ច្បាស់លាស់។

ក្នុងនោះផងដែរ អ្នកគាំទ្រមួយរូបបានទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ដោយបានលើកស្លាកបញ្ជាក់ពីចំនួនទឹកប្រាក់ដែលខ្លួនបានចាយវាយ តែមិនអាចជួប Messi ដោយអ្នកគាំទ្រនោះបានចំណាយ 1 ពាន់ដុល្លារសម្រាប់ការធ្វើដំណើរ នឹងរហូតដល់ទៅ 1700 ដុល្លារសម្រាប់ការស្នាក់នៅ។ លើសពីនេះ អ្នកគាំទ្រម្នាក់នោះក៏បានជះលុយ 800 ដុល្លារទៅលើអាហារ នឹង 1400 ផ្សេងទៀតត្រូវបានយកទៅប្រើប្រាស់សម្រាប់ការទិញសំបុត្រ ដោយនេះមានន័យថា អ្នកគាំទ្រអភ័ព្វមួយរូបនោះបានចំណាយអស់សរុប 4900 ដុល្លារដោយមិនមានន័យអ្វីទាល់តែសោះ។ យ៉ាងណាក្តី Messi ត្រូវបានគេរំពឹងថានឹងមានវត្តមានសម្រាប់ការប្រកួតបន្ទាប់ ទល់នឹង Atlanta United  នឹង St. Louis City៕