Gareth Southgate ទទួលស្គាល់ថាកីឡាករមួយនេះនឹងផ្តល់ជាបញ្ហាសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានទទួលស្គាល់ថា គាត់កំពុងតែមានភាពវឹកវរ នឹងការព្រួយបារម្ភចំពោះតំណែងរបស់ខ្សែបម្រើការពារ Declan Rice ក្នងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ EURO 2024។

កាលពីថ្ងៃអង្គារ Southgate បានបញ្ចេញនូវបញ្ជីកីឡាករបឋមចំនួន 33 នាក់សម្រាប់ការប្រកួត Euro 2024 នៅអាឡឺម៉ង់នាពេលខាងមុខ ហើយខណៈដែលកីឡាករឆ្នើមដូចជា Phil Foden, Bukayo Saka, Jude Bellingham និង Declan Rice ត្រូវបានដាក់ឈ្មោះក្នុងបញ្ជី កីឡាករមួយចំនួនត្រូវបានបាត់ពីក្រុមរួមទាំងកីឡាករ Marcus Rashford, Jordan Henderson និង Raheem Sterling។ ទោះ​ជា​យ៉ាង​ណាក៏ដោយ គ្រូបង្វឹករបស់ក្រុមតោកំណាចអង់គ្លេសបាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​លោក​ ចំពោះ​កង្វះខាតនៃកីឡាករដែលអាចលេងនៅតំបន់បម្រើ។ Southgate នឹងមានការឈឺក្បាលក្នុងការជ្រើសរើសខ្សែបម្រើកណ្តាលដ៏ល្អឥតខ្ចោះដើម្បីផ្គូផ្គងជាមួយ Rice ឬជំនួសគាត់ក្នុងករណីដែលកីឡាករ Arsenal ខកខានការប្រកួតណាមួយដោយចៃដន្យ។

ថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាន Gareth Southgate បានបញ្ជាក់ថាក្រុមជម្រើសជាតិអង់គ្លេសមានកីឡាករល្អជាច្រើននៅតាមតំបន់ តែនេះក៏ជាបញ្ហាដ៏ធំមួយដែរ។ លោកក៏ទទួលស្គាល់ថាលោកតែងតែដាក់សំណួរចំពោះខ្លួនឯងថាតើ Declan Rice នឹងត្រូវលេងជាមួយនរណា ហើយនរណាដែលអាចជំនួស Rice បានប្រសិនបើគេអវត្តមាន៕