ស៊ុតចូលការប្រកួត World Cup មួយគ្រាប់ កីឡាកររូបនេះត្រូវក្លឹបផ្តាច់កិច្ចសន្យាភ្លាមៗតែម្តង

ការស៊ុតគ្រាប់បាល់ជ័យជម្នះនៅព្រឹត្តិការណ៍ World Cup គឺជាក្តីស្រម៉ៃសម្រាប់កីឡាករគ្រប់រូប តែមួយគ្រាប់របស់កីឡាករ Ahn Jung-Hwan សម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បែរជាបានកែប្រែវាសនារបស់គេទាំងស្រុងក្នុងន័យមិនល្អទៅវិញ។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូងដែលជាសហម្ចាស់ផ្ទះជាមួយប្រទេសជប៉ុនក្នុងការប្រកួត World Cup ឆ្នាំ 2002 បានធ្វើអោយពិភពបាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឈរលើកំពូលតារាងក្នុងពូល D ដែលមានក្រុមខ្លាំងដូចជាព័រទុយហ្កាល់ នឹង សហរដ្ឋអាមេរិក។ ចូលដល់វគ្គ 16 ក្រុមចុងក្រោយ Ahn Jung-Hwan ត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីតាលី ដែលជាប្រទេសខ្លួនកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លឹប Perugia ដោយការប្រកួតមួយនោះមិនអាចរកអ្នកឈ្នះបាននៅ 90 នាទីដំបូង។ ឈានទៅដល់ម៉ោងបន្ថែម Jung-Hwan បានតែតចូលមួយគ្រាប់ ហើយយោងតាមច្បាប់ Golden Goal មានន័យថាការប្រកួតនឹងចប់ភ្លាមៗនៅពេលដែលក្រុមណាមួយអាចរកគ្រាប់បាល់បានមុន ហើយកូរ៉េខាងត្បូងបានយកឈ្នះអ៊ីតាលីដើម្បីឡើងទៅវគ្គបន្ត។

ស្របពេលដែលខ្លួនក្លាយជាវីរបុរសសម្រាប់ប្រជាជនកូរ៉េខាងត្បូងពិតមែន មួយគ្រាប់ផ្តាច់ក្តីសង្ឃឹមពី Jung-Hwan បានធ្វើអោយប្រជាជនអ៊ីតាលីមានការខឹងសម្បាជាខ្លាំង ក្នុងនោះក៏មានម្ចាស់ក្លឹប Perugia ផងដែរ។ ជាលទ្ធផល ក្លឹបបានព្យាយាមផ្តាច់កុងត្រារបស់ Jung-Hwan នឹងរារាំងមិនអោយរូបគេបានលេង ហើយរឿងអាក្រក់ៗជាច្រើនបានកើតឡើងទៅលើរូបគេ។ រថយន្តរបស់ Jung-Hwan ត្រូវបានវាយកម្ទេចស្របពេលដែល Jung-Hwan ទម្លាយថាមានក្រុមម៉ាហ្វៀមួយក្រុមរៀបគម្រោងសម្លាប់គេថែមទៀតផង។ អាជីពបាល់ទាត់របស់កីឡាកររូបនេះបានរស់រានឡើងវិញ នៅពេលដែលក្រុមហ៊ុនជប៉ុនមួយបានសម្រេចជួយបង់ថ្លៃផ្តាច់កុងត្រាចំនួន 3.8 លានដុល្លារ ហើយអោយរូបគេចូលរួមជាមួយក្លឹបជប៉ុន Shimizu S-Pulse មុនពេលចូលនិវត្តន៍នៅឆ្នាំ 2012៕