Real Madrid ប្រកាសជាផ្លូវការអំពីការចូលនិវត្តន៍ពីបាល់ទាត់ក្រោយចប់ EURO

វីរបុរសរបស់ក្លឹប Real Madrid កីឡាករ Toni Kroos បានប្រកាសជាផ្លូវការថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីការប្រកួត EURO ឆ្នាំ 2024 នៅប្រទេសអាឡឺម៉ង់។

នៅដើមខែនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលថា Kroos ជិតឈានដល់ការយល់ព្រមលើការបន្តកិច្ចសន្យានៅ Real Madrid ដែលនឹងធ្វើឱ្យគាត់ស្នាក់នៅកីឡដ្ឋាន Santiago Bernabeu សម្រាប់រដូវកាល 2024-2025 ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 34 ឆ្នាំរូបនេះបានអះអាងថា រូបគេនឹងសម្រេចព្យួរស្បែកជើងពីអាជីពបាល់ទាត់ ក្រោយត្រឡប់មកជួយក្រុមជម្រើសជាតិអាឡឺម៉ង់សម្រាប់ការប្រកួតពានលំដាប់អឺរ៉ុប។

នៅក្នុងបណ្តាញសង្គម Instagram ផ្លូវការរបស់គេ Kroos បានរំលឹកឡើងអំពីការចាប់ផ្តើមនៃអាជីពបាល់ទាត់ជាមួយ Real Madrid ដែលជាកន្លែងដែលបានផ្លាស់ប្តូរជីវិតរបស់គេ ទាំងក្នុងនាមជាកីឡាករ នឹងជាបុគ្គលមានឥទ្ធិពលមួយរូប។ Kroos បានឈ្នះពានរង្វាន់សរុបចំនួន 21 នៅក្លឹប Real Madrid ចាប់តាំងពីចាកចេញពីក្លឹប Bayern Munich ក្នុងឆ្នាំ 2014 រួមទាំងពានរង្វាន់ Champions League ចំនួន 4 និងពានរង្វាន់ La Liga ចំនួនបួនថែមទៀតផង ហើយរូបគេនឹងមានឱកាសបន្ថែមពានអឺរ៉ុបរបស់គាត់នៅពេលដែល Real Madrid ប៉ះ  Dortmund ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី 1 ខែមិថុនា ដែលនឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាកីឡាករក្រុមអធិរាជស៕