ឯកសណ្ឋានថ្មីរបស់ក្រុម Al-Nassr សម្រាប់រដូវកាល 2024-2025 ទំនងជាត្រូវបានលេចចេញជាសាធារណះ ស្របពេលដែលកំពូលកីឡាករដូចជា Cristiano Ronaldo, Otavio នឹង Marcelo Brozovic សុទ្ធសឹងតែត្រូវគេប្រទះឃើញកំពុងថតស្ប៉តពាណិជ្ជកម្មសម្រាប់ក្លឹបអារ៉ាប៊ីសាអូឌីតមួយនេះ។

វីដេអូមួយត្រូវបានចែករំលែកសឹងតែពេញបណ្តាញសង្គមដែលបង្ហាញពី Ronaldo, Brozovic និង Otavio ពាក់អាវ Al-Nassr ដែលហាក់មានសភាពប្លែកខុសពីអាវរដូវកាលនេះ។ ឈុតថ្មីនេះស្រដៀងទៅនឹងឈុតដែលពួកគេបានពាក់ក្នុងរដូវកាល 2023-24 ជាមួយនឹងពណ៌លឿងធម្មតា ប៉ុន្តែឆ្នូតពណ៌ខៀវនៅខាងមុខត្រូវបានដកចេញ។ អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមហ៊ុន Adidas បានជំនួសក្រុមហ៊ុន Nike ជាអ្នកផលិតសម្លៀកបំពាក់របស់ Al-Nassr សម្រាប់រដូវកាលក្រោយ ដោយ Al-Nassr បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសម្ភារះកីឡារបស់អាឡឺម៉ង់កាលពីដើមឆ្នាំនេះ។

ទោះឆ្នាំនេះ Al-Nassr មិនអាចឈ្នះពានលីកកំពូល Saudi Pro League ក្រោយរបូតពានទៅអោយក្រុម Al-Hilal ក៏ពិតមែន តែ Al-Nassr នៅតែស្ថិតក្នុងការប្រជែងដើម្បីឈ្នះពានរង្វាន់មួយផ្សេងទៀតនៅរដូវកាលនេះ ខណៈដែលពួកគេនឹងឡើងមកជួបក្រុម Al-Hilal ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាន King Cup ។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវបិទរដូវកាលនេះជាមួយនឹងការប្រកួតជាមួយក្រុម Al-Riyadh និងជើងឯករដូវកាលមុន Al-Ittihad ជាមុនសិន មុនប៉ះគ្នាជាមួយ Al-Hilal នាថ្ងៃទី31 ខែឧសភានេះ៕