Xavi បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយអ្នកគាំទ្រស្រែកទាមទារអោយម្ចាស់ក្លឹបចេញពីតំណែង

គ្រូបង្វឹកក្រុម Barcelona លោក Xavi បានធ្វើការលើកឡើងចំៗអំពីអ្នកគាំទ្រមួយចំនួនតូចដែលបានស្រែកចង់អោយលោក Joan Laporta ចេញពីតំណែងប្រធានក្លឹបកំឡុងការប្រកួតក្នុងដីចុងក្រោយរបស់ពួកគេសម្រាប់រដូវកាល 2023-2024 កាលពីថ្ងៃអាទិត្យកន្លងទៅ។

អ្នកគាំទ្រក្រុមអ្នកមានបុណ្យមួយចំនួនតូចបានបង្ហាញពីកំហឹងទៅលើប្រធានក្លឹប ក្នុងជ័យជម្នះ 3-0 ទៅលើក្រុម Rayo Vallecano នាកីឡដ្ឋាន Camp Nou ជាលើកចុងក្រោយសម្រាប់រដូវកាលនេះ។ អំឡុងការប្រកួត អ្នកគាំទ្រមួយផ្នែកតូចបានស្រែកបញ្ជាក់ពីក្តីស្រឡាញ់ចំពោះក្លឹប តែមិនមែនចំពោះលោក Laporta នោះឡើយ ដោយនេះបានធ្វើអោយ Xavi ខឹងសម្បារហូតចេញមកនិយាយប្រឆាំងអ្នកគាំទ្រទាំងនោះចំៗតែម្តង។

ក្រោយចប់ការប្រកួត អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់អោយដឹងថា “បើនិយាយតាមត្រង់ទៅ ខ្ញុំមិនចូលចិត្តទង្វើបែបនេះឡើយ។ វាមិនមែនជារឿងល្អសម្រាប់ខ្ញុំឡើយ ព្រោះអ្វីដែលខ្ញុំចង់ឃើញនោះគឺការរួបរួមសាមគ្គីគ្នារវាងក្លឹបនឹងអ្នកគាំទ្រ។ ខ្ញុំមិនចង់ឃើញពេលដែលនរណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។ នេះជារឿងដែលយើងធ្លាប់និយាយកាលពី 3 សប្តាហ៍មុន ហើយយើងត្រូវបន្តគម្រោងមួយនេះទៀតសម្រាប់អនាគត”