កីឡាករ Moises Caicedo បានបង្ហាញពីគុណភាពរបស់ខ្លួននៅថ្ងៃចុងក្រោយនៃរដូវកាល 2023-2024 ដោយបានស៊ុតបញ្ចូលទីពីពាក់កណ្តាលទីលាន ដើម្បីជួយអោយតោខៀវ Chelsea ធានាបាននូវកៅអីលេខ 6 នឹងបានទៅលេងពានទ្វីបអឺរ៉ុបសម្រាប់រដូវកាលក្រោយ។

Chelsea បានបញ្ចប់រដូវកាលនេះជាមួយនឹងជ័យជម្នះ 5 ប្រកួតជាប់គ្នាដោយយកឈ្នះទៅលើក្រុម Bournemouth នៅក្នុងដី ដែលជាការប្រកួតចុងក្រោយសម្រាប់ខ្សែការពារជើងចាស់ Thiago Silva ផងដែរនោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺ ខ្សែបម្រើសញ្ជាតិអេក្វាឌ័រជាអ្នកស៊ុតនាំមុខមុននៅនាទីទី 17 ដោយរកបានគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្លឹបពីពាក់កណ្តាលតារាង មុនពេលដែល Raheem Sterling ជាអ្នកធានាជ័យជម្នះសម្រាប់ក្រុមលោក Pochettino។

ស្របពេលដែលរដូវកាល 2023-2024 បានឈានដល់ទីបញ្ចប់ជាផ្លូវការនោះ ជំហានបន្ទាប់របស់ Chelsea គឺត្រូវរំពឺងថាក្រុម Man City នឹងអាចយកឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន FA Cup មួយទៀតដើម្បីធានាថា Chelsea នឹងមានកៅអីលេងនៅពាន Europa League សម្រាប់រដូវកាល 2024-2025 ខាងមុខនេះ៕