លោក Pep Guardiola ទប់ទឹកភ្នែកស្ទើរមិនចង់បាន ខណៈពេលចូលរួមធ្វើការគោរពទៅដល់លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានហៅ Pep ថាជាអ្នកគ្រប់គ្រងល្អបំផុតក្នុងពិភពលោក។

កាលពីថ្ងៃសុក្រដែលជាសន្និសីទកាសែតចុងក្រោយរបស់ Klopp ក្នុងនាមជាគ្រូបង្វឹករបស់ Liverpool គាត់បាននិយាយយ៉ាងច្បាស់ៗថា Pep គឺជាអ្នកចាត់ការល្អបំផុតក្នុងលោក ជាមួយនឹងសមិទ្ធផលយ៉ាងច្រើនសម្រាប់ Man City។ បន្ទាប់ពីក្រុមរបស់លោក Pep Guardiola បានលើកពាន Premier League 4 ឆ្នាំជាប់ៗគ្នាដោយការយកឈ្នះ West Ham Pep ក៏បានធ្វើការលើកសរសើរ Klopp ដែលនឹងចាកចេញពីហង្សក្រហមចាប់ពីថ្ងៃនេះតទៅ។

ក្រោយចប់ការប្រកួត Pep បានលើកឡើងចំៗថា “ខ្ញុំនឹងនឹកគាត់ជាខ្លាំង។ Jurgen គឺជាចំណែកដ៏ពិសេសមួយនៃជីវិតខ្ញុំ ព្រោះគាត់បានធ្វើអោយខ្ញុំក្លាយជាអ្នកចាត់ការមួយកម្រិតថ្មី ហើយពួកយើងពិតជាមានការគោរពដល់គ្នាជាខ្លាំង។ គាត់បានធ្វើអោយ Liverpool មានភាពខ្លាំងក្លាឡើងវិញជាមួយរជ្ជកាលរបស់គេ ហើយ Jurgen នឹងនៅកម្រិតនៃអតីតកំពូលអ្នកចាត់ការដូចជា Bill Shankly នឹង Bob Paisley”៕