គ្រូក្រុមជម្រើសជាតិបារាំង សម្រេចផ្តល់មូលហេតុដែលកោះហៅ N’Golo Kante សម្រាប់ព្រឹត្តិការណ៍ EURO

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានចេញមកបង្ហើបពីមូលហេតុដែលធ្វើអោយគាត់សម្រេចកោះហៅខ្សែបម្រើសួតដែក N’Golo Kante ចូលក្រុមជម្រើសជាតិដែលត្រូវធ្វើដំណើរទៅប្រទេសអាឡឺម៉ង់នៅខែក្រោយសម្រាប់ការប្រកួត EURO ឆ្នាំ 2024។

អ្នកគាំទ្រក្រុមជម្រើសជាតិបារាំងហាក់មានការភ្ញាក់ផ្អើលនៅពេលឈ្មោះរបស់កីឡាករវ័យ 33 ឆ្នាំនៅក្នុងបញ្ជីកីឡាកររបស់លោក Deschamps ស្របពេលដែល Kante ខានបានបង្ហាញខ្លួនសម្រាប់ក្រុមមាន់គកបារាំងចាប់តាំងពីខែមិថុនា ឆ្នាំ 2022 មកម្ល៉េះ។ Kante បានខកខានការប្រកួត World Cup 2022 នៅប្រទេសកាតាទាំងស្រុងដោយសារតែបញ្ហារបួស តែរូបគេធ្លាប់តំណាងបារាំងនៅលើឆាកអន្តរជាតិចំនួន 53 ដងរួចមកហើយរាប់ចាប់ពីការបង្ហាញខ្លួនដំបូងនៅឆ្នាំ 2016។

ជុំវិញការកោះហៅខ្សែបម្រើក្រុម Al-Ittihad លោក Deschamps បានទម្លាយថាក្រុមជម្រើសជាតិបារាំងនឹងមានភាពល្អប្រសើរជាងមុននៅពេលមាន Kante ដែលជាកីឡាករដែលមានបទពិសោធន៍ខ្ពស់មួយរូបក្នុងការប្រកួតធំៗ។ លើសពីនេះ ការលេងយ៉ាងជាប់ៗគ្នានៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League រហូតដល់ទៅ 28 ប្រកួតក្នុងរដូវកាលនេះ​ដែលបង្ហាញយ៉ាងច្បាស់ថា N’Golo Kante នៅតែជាកីឡាករស្នូលមួយរូបដែលក្រុមជម្រើសជាតិបារាំងត្រូវការជាខ្លាំង ទោះបីជាមានខ្សែបម្រើកំពូលៗផ្សេងទៀតចំនួន 6 រូប៕