គ្រូបង្វឹកក្រុម Inter Miami លោក Gerardo Martino បាននិយាយមិនលាក់លៀមថាក្លឹបនឹងព្យាយាមស្វែងរកកីឡាករល្អៗជាច្រើនសម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ស្របពេលត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកចាំទីល្បីរបស់ក្រុមខ្លាំងមួយនៅអឺរ៉ុប។

បន្ទាប់ពីការស្មើ 0-0 របស់ពួកគេទល់នឹងក្រុម Orlando City កាលពីពេលថ្មីៗនេះ គ្រូរបស់ Inter Miami បានផ្តល់សេចក្តីថ្លែងការណ៍មួយចំនួននៅក្នុងសន្និសិទសារពត៌មានក្រោយការប្រកួតរបស់គាត់ ប៉ុន្តែអ្វីដែលពិសេសបំផុតនោះគឺ គម្រោងផ្ទេររដូវក្តៅរបស់ពួកគេ។ ពួកគេត្រូវបានផ្សារភ្ជាប់នូវពាក្យចចាមអារ៉ាមជាមួយខ្សែប្រយុទ្ធនឹងអ្នកចាំទីជាច្រើន ដោយកីឡាករ Keylor Navas របស់ Paris Saint-Germain គឺជាបេក្ខភាពដ៏ធំមួយ។

អ្នកចាំទីវ័យ 37 ឆ្នាំនឹងក្លាយជាកីឡាករគ្មានក្លឹបលេងនៅរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គេជាមួយ PSG នឹងផុតកំណត់នាពេលឆាប់ៗនេះ ដោយរូបគេបានលេងត្រឹម 5 ដងប៉ុណ្ណោះសម្រាប់រដូវកាលនេះដោយសារតែអ្នកចាំទី Gianluigi Donnaruma។ ការមកដល់របស់ Keylos Navas នឹងក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់អ្នកចាំទី Drake Callender ដែលមិនអាចបង្ហាញទម្រង់លេងកំពូលរបស់គេនៅប៉ុន្មានប្រកួតចុងក្រោយ៕