ខ្សែការពារកណ្តាលរបស់ក្រុម Real Madrid កីឡាករ Eder Militao បានធ្វើការចែករំលែកនូវគំនិតផ្ទាល់ខ្លួនអំពីកីឡាករដែលទំនងនឹងឈ្នះពាន Ballon d’Or នៅឆ្នាំនេះសម្រាប់ Real Madrid។

ក្រោយរងរបួសដាច់សរសៃពួរអស់រយះពេលជាយូរសម្រាប់រដូវកាលនេះ កីឡាករសញ្ជាតិប្រេស៊ីលបានបញ្ចេញមតិ ហើយបានលើកនូវកីឡាករដែលសាកសមជាបេក្ខភាពក្នុងការប្រជែងដណ្តើមពាន Ballon d’Or ក្រោយបានជួបភាពជោគជ័យយ៉ាងខ្លាំងនៅរដូវកាល 2023-2024 ជាពិសេសការឈ្នះពាន La Liga ស្របពេលមានលទ្ធភាពឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League ផងដែរ។

នៅពេលត្រូវបានដាក់អោយជ្រើសរើសរវាងកីឡាករ Jude Bellingham នឹង Vinicius Junior សម្រាប់ពានដ៏មានកិត្តិយសមួយនេះ Militao បានឆ្លើយភ្លាមៗថា រូបគេចង់អោយកីឡាករទាំងពីរឈ្នះ តែ Vinicius គឺសាកសមនឹងទទួលបានជាង ហើយបើសិនជារូបគេបន្តទម្រង់លេងដ៏ល្អបន្ថែមទៀត នោះពេលវេលារបស់គេនឹងមកដល់ឆាប់ៗនេះ៕