ខ្សែប្រយុទ្ធ Cristiano Ronaldo ទើបតែចេញមុខបង្ហើបអំពីវិធីសម្ងាត់ដែលខ្លួនតែងតែប្រើប្រាស់សម្រាប់ការបន្ធូរភាពតានតឹងក្នុងនាមជាកីឡាករលំដាប់កំពូលមួយរូប បន្ទាប់ពីរូបគេកាន់តែកៀកក្នុងការឈានចូលវ័យ 40 ឆ្នាំនាពេលខាងមុខ។

កីឡាករសញ្ជាតិព័រទុយហ្គាល់ដែលមានពាន Ballon d’Or 5 លើកក្នងដៃបានបង្កើតកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ការរក្សាទម្រង់លេងយ៉ាងល្អឥតខ្ចោះទាំងកម្រិតក្លឹប នឹងសម្រាប់ក្រុមជម្រើសជាតិ។ គាត់ទាមទារអ្វីដែលល្អបំផុតពីខ្លួនគាត់ និងមនុស្សជុំវិញខ្លួន ជាមួយនឹងក្រមសីលធម៌ការងារដែលធានានូវភាពរឹងមាំទាំងដែលខ្លួនមានអាយុ 39 ឆ្នាំក៏ពិតមែន។ នៅរដូវកាលនេះ Cristiano អាចរកបានរហូតដល់ទៅ 48 គ្រាប់ហើយកំពុងសម្លឹងមើលក្នុងការជួយក្រុម Al-Nassr ក្នុងការលើកពាន King Cup of Champions នាពេលខាងមុខ ស្របពេលដែលត្រូវត្រៀមខ្លួនក្នុងការប្រកួត EURO នៅរដូវក្តៅនេះផងដែរ។

ដើម្បីរក្សាភាពផ្ចិតផ្ចង់ Ronaldo បានទម្លាយអំពីរបៀបរក្សារបបគេងត្រឹមត្រូវ នឹងការបន្ធូរអារម្មណ៍ចេញពីភាពតានតឹងថា រឿងដែលសំខាន់មួយសម្រាប់រូបគេនោះគឺ រូបគេមិនដែលនិយាយទូរស័ព្ទនោះឡើយនៅពេលយប់ ជាពិសេសក្រោយម៉ោង 10 រឺ 11 យប់ ព្រោះចង់រក្សាខួរក្បាលអោយមានភាពស្រឡះ ហើយចៀសពីការគិតអ្វីដែលមិនមានផលប្រយោជន៍ ដូចនេះមិនមាននរណាអាចទាក់ទងមកខ្លួនបានឡើយក្រោយម៉ោង 10 យប់។ លើសពីនេះ Ronaldo ក៏បានលើកឡើងនូវខ្សែដៃជំនួយ Whoop ដែលជាឧបករណ៍តាមដានចង្វាក់បេះដូង ក៏ដូចជារបបគេងផងដែរ ដែលវាបានជួយ Ronaldo រក្សាភាពជាកីឡាករកំពូលនៅប៉ុន្មានរដូវកាលចុងក្រោយនេះ៕