តារា Youtuber មួយរូប បន្លំខ្លួនឡើងរថយន្តក្រុងរបស់កីឡាករ Man Utd បានសម្រេចទាំងគ្មានអ្នកហាមឃាត់

អ្នកផលិតមាតិកាក្នុងបណ្តាញសង្គម Youtube មួយរូប បានសម្រេចក្នុងការបន្លំខ្លួនចូលក្នុងរថយន្តក្រុងដែលជាកម្មសិទ្ធិរបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីការបរាជ័យយ៉ាងដំណំរបស់ពួកគេក្រោមថ្វីជើង Crystal Palace កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា តារា Youtuber ឈ្មោះ Lizwani បានធ្វើដំណើរលើឡានក្រុងរបស់ក្រុម បន្ទាប់ពីក្រុមបិសាចក្រហមបានភ្លាត់ចាញ់ 4-0 នៅ Selhurst Park កាលពីដើមសប្តាហ៍មុន ប៉ុន្តែសំណួរជាច្រើនត្រូវបានលើកឡើងថាតើ Lizwani អាចលួចចូលទៅក្នុងឡានក្រុងរបស់ក្រុម Man United តាមរបៀបណាវិញ ទាំងដែលឡានត្រូវបានល្បាតដោយកងកម្លាំងជានិច្ច។

ប្រភពដដែលបានបញ្ជាក់​ថា Lizwani បាន​ស្លៀក​ឈុត​ខោ​អាវ Man United ពេញ​ខ្លួន កាន់​កាបូប​ដាក់ខោអាវម៉ាកល្បី ហើយ​អាច​គេច​ពី​សន្តិសុខ​នៅ​ខាង​ក្រៅ​កីឡដ្ឋាន។ បន្ទាប់មកគាត់បានអង្គុយនៅលើឡានក្រុងយ៉ាងរំភើយ ខណៈដែលក្រុមរបស់ Erik ten Hag បានរៀបចំធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុង Manchester វិញ។ ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេប្រទះឃើញភ្លាមៗដោយសន្តិសុខផ្សេងទៀតដែលឈរល្បាតក្បែររថយន្ត ហើយត្រូវបានចាប់ចេញភ្លាមៗ ចៀសវាងមានបញ្ហាធំ។ ថ្វីបើនេះជាឧបទ្ទវហេតុដ៏គួរឱ្យស្ញប់ស្ញែងក៏ដោយ សារព័ត៌មាន Daily Mail អះអាងថា នេះកំពុងត្រូវបានចាត់ទុកថាជាការល្មើសច្បាប់ដែលអាចប៉ះពាល់ដល់សុខសុវត្ថិភាពធំមួយ។ ជាលទ្ធផល Premier League បានចេញការជូនដំណឹងដល់ក្រុមរបស់ផ្សេងដោយព្រមានពួកគេឱ្យប្រុងប្រយ័ត្នចំពោះអ្នកចម្លងណាមួយដែលមានបំណងមិនល្អទៅលើក្រុមទាំងឡាយ៕