អតីតកីឡាករ Arsenal រូបនេះថាខ្លួននឹងសុខចិត្តសាក់រូប Tottenham អោយតែអាចជួយធ្វើរឿងមួយនេះបានសម្រេច

ទោះមានឈ្មោះជាសត្រូវស្អប់គ្នារាប់ជំនាន់មកហើយក៏ពិតមែន តែអតីតកីឡាកររបស់កាំភ្លើងធំលោក Paul Merson ថាលោកនឹងទៅចាក់សាក់រូបក្លឹប Tottenham ប្រសិនបើ Spurs អាចធ្វើអោយ Manchester City របូតពិន្ទុដោយការចាញ់ ហើយជួយអោយ Arsenal លើកពាន Premier League បានសម្រេច។

Man City បានឡើងទៅឈរនៅកំពូលតារាង Premier League កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល 4-0 តែ Arsenal បានលោតទៅកាន់កំពូលតារាងម្តងទៀត បន្ទាប់ពីបានយកឈ្នះលើក្រុម Manchester United ក្នុងលទ្ធផល 1-0 កាលពីពេលថ្មីៗនេះ។ ក្រុមកាំភ្លើងធំនៅសល់មួយប្រកួតទៀត ប៉ុន្តែក្រុមរបស់លោក Pep Guardiola មានការប្រកួតមួយចំណេញក្នុងដៃ ដែលជាដំណើរទៅកាន់ក្រុម Tottenham នៅពាក់កណ្តាលសប្តាហ៍នេះ។

នៅមុនការប្រកួតរវាងក្រុមទាំងពីរ លោក Merson បាននិយាយទុកមុនថា Spurs មានសង្ឃឹមតិចបំផុតក្នុងការនាំយកលទ្ធផលដែលអាចផ្តល់ពានជូនទៅក្រុម Arsenal ដែលជាសត្រូវរួមទីក្រុងរបស់ Spurs។ យ៉ាងណាក្តី គាត់ក៏មិនទាន់បោះបង់ក្តីសង្ឃឹមចោលទាំងស្រុងនោះឡើយ ដោយហ៊ាននិយាយថាគាត់នឹងទៅចាក់សាក់រូប Tottenham នៅកន្លែងដែលអ្នកគ្រប់គ្នាមិនអាចមើលឃើញ ប្រសិនបើក្រុមរបស់លោក Ange Postecoglu អាចរារាំងដំណើរការពារជើងឯកលីកកំពូលអង់គ្លេសរបស់ Man City បានពិតមែន៕