វីរកីឡាកររបស់ក្រុម Borussia Dortmund កីឡាករ Marco Reus ទើបតែប្រកាសកាលពីដើមខែនេះថា រូបគេនឹងចាកចេញពីក្លឹបនៅចុងរដូវកាល ហើយពេលនេះ Reus ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបយក្សនៅសហរដ្ឋអាមេរិក ពោលគឺក្រុម Inter Miami។

Reus បានប្រកាសថាគាត់នឹងចាកចេញពី Dortmund បន្ទាប់ពីចំណាយពេលនៅជួយក្លឹបមួយនេះអស់រយៈពេលជាង 12 ឆ្នាំ។ កីឡាករដែលអ្នកគាំទ្រស្រឡាញ់គ្រប់គ្នាពេលនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដើម្បីចូលរួមជាមួយ Lionel Messi ក្នុងលីកកំពូលអាមេរិក Major League Soccer នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Sky Germany។ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថាកំពូលតារាវ័យ 32 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីគូប្រជែងរបស់ Inter Miami គឺ St. Louis CITY និង Al-Nassr។

ទោះជាយ៉ាងណាក៏ដោយ Reus នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Real Madrid ខណៈដែលគាត់ចង់ផ្តោតការយកចិត្តទុកដាក់ទាំងស្រុងរបស់គាត់ចំពោះការប៉ុនប៉ងចុងក្រោយរបស់គាត់ក្នុងការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប។ យោងតាមអតីតតារា Arsenal និង Manchester City លោក Samir Nasri ពេលនេះ Reus មានគំនិតរបស់គាត់ក្នុងការផ្លាស់ទៅអាមេរិកនៅរដូវក្តៅនេះ ខណៈដែលគាត់មិនមានបំណងចូលនិវត្តន៍នៅអាយុត្រឹមនេះឡើយ៕