ក្រុម Borussia Dortmund អាចនឹងជួបបញ្ហាហិរញ្ញវត្ថុគួរអោយកត់សម្គាល់មួយ បើទោះបីជាពួកគេយកឈ្នះអធិរាជស Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក៏ដោយ។

ក្រុម Borussia Dortmund មានបំណងបញ្ចប់រដូវកាលនេះដោយការផ្តួលក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ ទី 1 ខែមិថុនាខាងមុខ។ ក្រុម មកពីអាឡឺម៉ង់មួយនេះបានទម្លាក់ក្រុម Atletico Madrid និង Paris Saint-Germain នៅលើវិថីឆ្ពោះមកកាន់វគ្គផ្តាច់ព្រ័ត្រ ហើយនាំអោយមានការជួបជុំជាមួយអតីតខ្សែបម្រើ Jude Bellingham ដែលបានផ្លាស់ទៅ Real Madrid កាលពីរដូវក្តៅមុន។ ទោះយ៉ាងណាក៏ដោយ ការផ្ទេររបស់ Bellingham មានន័យថា ប្រសិនបើ Dortmund ជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពួកគេនឹងត្រូវបាត់បង់ប្រាក់ទៅវិញ។

ការផ្ទេររបស់ Bellingham ទៅ Real Madrid មានឃ្លាមួយចំនួនដែលជាប់ទាក់ទងទៅនឹងការប្រកួត Champions League។ ប្រសិនបើកីឡាករជម្រើសជាតិអង់គ្លេសលើកពាន UCL ជាមួយ Madrid នោះក្រុមរបស់លោក Carlo Ancelotti នឹងត្រូវបង់ប្រាក់បន្ថែមចំនួន 4.3 លានផោនទៅ Dortmund ហើយការបង់ប្រាក់មួយទៀតចំនួន 1.7 លានផោន នឹងកើតឡើងប្រសិនបើ Bellingham ត្រូវបានបញ្ចូលក្នុងក្រុម Champions League ល្អបំផុតប្រចាំរដូវកាល។ ក្រោមរងជើងឯកនឹងទទួលបានប្រាក់រង្វាន់ 12.9 លានផោន ដែលអាចក្លាយជា 19.3 លានផោនសម្រាប់ Dortmund រួមបើសិនបូករួមជាមួយនឹងប្រាក់រង្វាន់សម្រាប់ កុងត្រារបស់ Bellingham តែប្រសិនបើ Dortmund ឈ្នះនៅទីក្រុងឡុងដ៍នៅខែក្រោយ ពួកគេនឹងរកបានតិចជាងចំនួននោះ ដោយក្លឹបអាចនឹងប្រមូលប្រាក់រង្វាន់ 17.2 លានផោនប៉ុណ្ណោះសម្រាប់អ្នកឈ្នះ៕