មិនទាន់ច្បាស់ការ 100% មែន តែ Arsenal ត្រៀមរួចរាល់ហើយសម្រាប់ថ្ងៃហែពាន Premier League រដូវកាលនេះ

ក្លឹបកាំភ្លើងធំ Arsenal ហាក់បានរៀបចំខ្លួនរួចរាល់ក្នុងការដង្ហែពានលើរថយន្តក្រុងគ្មានដំបូងធំមួយ ក្នុងករណីដែលពួកគេអាចលើកពាន Premier League នៅរយះពេល 2 សប្តាហ៍ខាងមុខបានពិតមែននោះ។

Arsenal កាន់តែខិតជិតនូវទីបញ្ចប់នៃការប្រជែងដណ្តើមពាន Premier League សម្រាប់រដូវកាល 2023-2024 ជាមួយនឹង Manchester City។ ក្រុមកាំភ្លើងធំបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង ដាច់មួយពិន្ទុលើក្រុមការពារតំណែងជើងឯករបស់លោក Pep Guardiola ដែលបានលេងតិចជាងមួយប្រកួត។ បើមើលតាមស្ថានភាពជាក់ស្តែង លីកកំពូលអង់គ្លេសអាចនឹងស្វែងរកម្ចាស់ជើងឯកនៅសប្តាហ៍ចុងក្រោយនៃរដូវកាល ហើយក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍បានត្រៀមខ្លួនជាស្រេចក្នុងករណីដែលខ្លួននៅតែបន្តឈរលេខ 1 នាសប្តាហ៍ទី 38 ពិតមែន ដោយនៅ​ថ្ងៃ​ប្រកួត​ចុង​ក្រោយ​នៃ​រដូវ​កាល Manchester City នឹង​ត្រូវ​ប៉ះ West Ham ខណៈដែលក្រុមរបស់លោក Mikel Arteta នឹងបើកទ្វារកីឡដ្ឋាន Emirates ស្វាគមន៍ទទួលក្រុម​ភ្ញៀវ Everton។

ទោះបីជាកំពុងនាំមុខគេក្នុងក្របខណ្ឌ Premier League ក៏ដោយ Arsenal មិនទាន់អាចសប្បាយអរកើតនោះឡើយ ព្រោះពួកគេនៅតែត្រូវការ Man City ដើម្បីរបូតពិន្ទុយ៉ាងហោចណាស់មួយក្នុងចំនោមបីប្រកួតចុងក្រោយរបស់ពួកគេទល់នឹង Fulham, Tottenham Hotspur ឬ West Ham ។ ទោះបីជាផែនការរបស់ Arsenal សម្រាប់ក្បួនដង្ហែពានលេចឡើងមុនកាលកំណត់ក៏ដោយ ប៉ុន្តែនេះជារឿងដែលចាំបាច់ជាខ្លាំងពីព្រោះតម្រូវការប្រតិបត្តិការជាច្រើន រួមទាំងការជូនដំណឹងអំពីការបិទផ្លូវ ត្រូវតែរៀបចំឱ្យបានល្អជាមុន ហើយពេលវេលា 24 ម៉ោងនឹងមិនអាចដោះស្រាយបញ្ហានេះបានឡើយ។ ជាលទ្ធផល បើយោងតាមសារព័ត៌មាន Daily Mail បានទម្លាយថា ក្បួនដង្ហែរពានរង្វាន់របស់ Arsenal គ្រោងធ្វើនៅថ្ងៃច័ន្ទ ទី 20 ឧសភា ដោយក្បួនដង្ហែនឹងចាប់ផ្តើមនៅកីឡដ្ឋាន Emirates នៅម៉ោង 5 ល្ងាចម៉ោងក្នុងស្រុក មុនពេលធ្វើដំណើរតាមរយៈសាលាក្រុង Islington  ហើយត្រលប់ទៅកីឡដ្ឋានវិញ៕