គ្រូបង្វឹកក្រុមពាក់កណ្តាលតារាងមួយនេះ ខ្លាំងរហូតជាប់ក្នុងបញ្ជីដណ្តើមពានជាមួយ Klopp, Guardiola នឹង Arteta

គ្រូបង្វឹកក្រុមបាល់ទាត់ Bournemouth លោក Andoni Iraola បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ នៅពេលដែលឈ្មោះរបស់លោក Iraola បានជាប់ក្នុងបញ្ជីបេក្ខភាពដណ្តើមតំណែងគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាល 2023-2024 របស់ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស។

លោក Iraola ត្រូវបាន Premier League ដាក់បញ្ចូលជាបេក្ខភាពបន្ទាប់ពីរដូវកាលដំបូងដ៏គួរអោយចាប់អារម្មណ៍ជាមួយ Bournemouth។ គ្រូបង្វឹករូបនេះបានជម្នះការចាប់ផ្តើមដ៏លំបាក ដោយមិនស្គាល់រសជាតិជ័យជម្នះក្នុងការប្រកួត 9 លើកដំបូង ដើម្បីអូសទាញក្រុមរបស់ខ្លួនមកកាន់ពាក់កណ្តាលតារាង ហើយត្រូវប្រកួតប្រជែងជាមួយ Mikel Arteta, Jurgen Klopp, Pep Guardiola នឹងគ្រូបង្វឹករបស់ Aston Villa លោក Unai Emery ដែលបានជួយអោយ Aston Villa ឈរក្នុងតំបន់ top 4 រដូវកាលនេះ។

Pep Guardiola ធ្លាប់បានទទួលពាននេះចំនួន 4 រដូវកាលផ្សេងៗគ្នាមកហើយក្នុងអាជីពដឹកនាំរបស់គាត់ ស្របពេលដែល Klopp ក៏ធ្លាប់បានពានជាអ្នកចាត់ការឆ្នើមបំផុតប្រចាំរដូវកាលរបស់់ Premier League ចំនួនពីរដងផងដែរ។ ដោយឡែក Arteta នៅមិនទាន់ធ្លាប់ឈ្នះនោះឡើយ តែបានក្លាយជាបេក្ខភាពមានសង្ឃឹមខ្ពស់មួយក្រោយជួយអោយ Arsenal ឈរលើកំពូលតារាងស្របពេលការប្រកួតនៅសល់ត្រឹម 2 សប្តាហ៍ទៀតប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ លោក Iraola បានរុញច្រាន Bournemouth ចេញពីតំបន់កាត់ចោល ខណះដែលក្រុមរបស់លោក Unai Emery កំពុងឈរនៅលេខ 4 ហើយអាចនឹងលេងការប្រកួត UEFA Champions League នៅរដូវកាលក្រោយ៕