បេក្ខភាពសម្រាប់ពានរង្វាន់កីឡាករវ័យក្មេងប្រចាំរដូវកាល 2023-24 របស់លីកកំពូលអង់គ្លេស Premier League ត្រូវបានចេញជាផ្លូវការដោយម្ចាស់ពានរដូវកាលមុនកីឡាករ Erling Haaland ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវប្រកួតប្រជែងសម្រាប់ពានមួយនេះផងដែរ។

Haaland ត្រូវបានចូលរួមដោយមិត្តរួមក្រុមកីឡាករ Phil Foden ដែលបានក្លាយជាចំណែកយ៉ាងសំខាន់មួយសម្រាប់ Man City រដូវកាលនេះ។ ខ្សែប្រយុទ្ធ Alexander Isak ក៏ត្រូវបានតែងតាំងផងដែរ បន្ទាប់ពីរដូវកាលដ៏ជោគជ័យជាមួយ Newcastle ។ Cole Palmer គឺជាកីឡាករម្នាក់ទៀតដែលមានឈ្មោះនៅក្នុងបញ្ជីបេក្ខភាព បន្ទាប់ពីបានបង្ហាញថាខ្លួនជាកីឡាករមួយរូបដែលតោខៀវ Chelsea មិនអាចខ្វះបាន។ ដោយឡែកកីឡាករ Bukayo Saka, William Saliba, Kobbie Mainoo និង Destiny Udogie គឺជាកីឡាករបួនរូបចុងក្រោយនៅក្នុងបញ្ជីផ្លូវការរបស់ Premier League។

ទោះធ្លាប់លើកពានមួយនេះកាលពីឆ្នាំមុនពិតមែន ប៉ុន្តែរដូវកាលនេះ Haaland ត្រូវជួបការប្រកួតប្រជែងច្រើន ជាពិសេសពីសំណាក់មិត្តរួមក្រុម Phil Foden ដែលធ្លាប់ទទួលបានពានមួយនេះរហូតដល់ទៅពីរឆ្នាំជាប់ៗគ្នា ពោលគឺកាលពីឆ្នាំ 2020-2021 នឹង 2021-2022។ ចំណុចពិសេសមួយទៀតសម្រាប់បញ្ជីឆ្នាំនេះគឺ កីឡាករ Destiny Udogie គឺជាកីឡាកររបស់ Tottenham ដំបូងបំផុតដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រដើម្បីទទួលពានដ៏មានកិត្យានុភាពមួយនេះ៕